Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តឹបស្វាយមានតម្លៃជាងស្វាយធំ ប្រធានសហគមន៍ ជំរុញឲ្យអ្នកដាំស្វាយគួរបេះក្តឹបស្វាយលក់

ភ្នំពេញ ៖ បើតាមការស្រាវជ្រាវបានបង្ហាញថា បច្ចុប្បន្ន ក្តឹបស្វាយ ដែលត្រូវបានធ្វើជាចំណីម្ជូរ ដាក់លក់នៅតាមហាងម្ជូរនានានៅកម្ពុជា គឺប្រមាណ៩០% ត្រូវបានចូលពីក្រៅប្រទេស, ដូច្នេះ សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ ដែលមានទីតាំងនៅតំបន់គិរីរម្យ នៃខេត្តកំពង់ស្ពឺ បានជំរុញឱ្យកសិករដាំស្វាយនៅកម្ពុជា ងាកមកបេះក្តឹបស្វាយផ្គត់ផ្គង់តម្រូវការ នៅក្នុងប្រទេសវិញ ដោយសារក្តឹបស្វាយ មានតម្លៃខ្ពស់ជាងស្វាយធំ និងមានតម្រូវការច្រើន។

អ្នកគ្រប់គ្រងសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ គឺ អ្នកស្រី ឈិន ចំរើន បានឲ្យដឹងថា ការផលិតក្ដឹបស្វាយនៅលើដើម យើងប្រើពេលតែ ៣៥ថ្ងៃប៉ុណ្ណោះ នឹងទទួលបានផលយកមកលក់ ដែលធ្វើឱ្យអ្នកដាំចំណេញពេលវេលា ចំណេញដើមទុនក្នុងការផលិត ហើយក្នុងមួយឆ្នាំៗ អាចធ្វើបានច្រើនដង និងមិនបារម្ភពីហានិភ័យនៃការធ្លាក់តម្លៃដូចស្វាយធំទេ។ រីឯការថែទាំផ្លែរហូតដល់ធំ ដើម្បីប្រមូលផល ត្រូវប្រើរយៈពេលជាង ២ខែកន្លះ ហើយត្រូវផ្សងព្រេងជាមួយនឹងតម្លៃឡើងចុះមិនទៀងទាត់ទៀតផង។

គួរបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចំនួន ១៣១ ៨៩០ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលជាង ៩ម៉ឺនហិកតា។ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញស្វាយស្រស់ជាង ១៦៣ ៨២៨តោន កើនឡើងចំនួន ២៥១.០៣% ដោយនាំចេញទៅកាន់ប្រទេស ថៃ ចិន ហុងកុង កូរ៉េ សិង្ហបុរី និងប្រទេសគុយវ៉ែត។

នាពេលថ្មីៗនេះ អ្នកស្រី ឈិន ចំរើន ប្រធានសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានបង្ហាញថា តាមការស្រាវជ្រាវរបស់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ រកឃើញថា កន្លងមកកម្ពុជាប្រើប្រាស់ក្តឹបស្វាយជាចំណីម្ជូរ ប្រមាណ១០តោនក្នុងមួយថ្ងៃ ហើយក្តឹបស្វាយដែលនាំចូលមកលក់នៅកម្ពុជា មានតម្លៃចន្លោះពី ២ពាន់រៀល ទៅ ៥ពាន់រៀល ក្នុងមួយគីឡូក្រាម។ ថៃជាប្រទេសដែលនាំចូលក្តឹបស្វាយ មកកម្ពុជាច្រើនជាងគេ។

ដូច្នេះ កសិករដាំស្វាយគួរតែងាកមកបេះក្តឹបស្វាយមួយផ្នែកចេញពីដើមមកលក់ ដោយរក្សាទុកផ្លែឱ្យធំក្នុងបរិមាណតិច ដើម្បីឱ្យស្វាយមានផ្លែធំល្អ និងមានគុណភាពព្រមទាំងមានតម្លៃថ្លៃ។ ម៉្យាងទៀត បើយើងថែទាំស្វាយរហូតដល់ធំឡើង ហើយស្វាយរបស់យើងអត់បានខ្ចប់ វាអាចបានតម្លៃប្រមាណ៤០០រៀល ទៅ ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម អីចឹងបើធៀបនឹងក្តឹបស្វាយ គឺក្ដឹបស្វាយមានតម្លៃជាង (២ពាន់រៀល ទៅ ៥ពាន់រៀលក្នុង១គីឡូក្រាម)៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×