ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។ ឯកឧត្តមបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម លើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ របស់យោធភូមិភាគពិសេស នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំង ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាថ្នាក់ដឹកនាំចូលរួមផងដែរ។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្លាំងសង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់កងកម្លាំងរបស់គ្រប់ជាន់ថ្នាក់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថាផលប៉ះពាល់ និងខូចខាត ដោយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ដែលបានកើតឡើង ក្នុងរយៈពេល៨ខែដើមឆ្នាំមកនេះ ធ្វើឱ្យរលំ និងខូចខាតផ្ទះធ្ងន់ធ្ងរ៨៣៧ខ្នងផ្ទះ, បណ្តាលឱ្យរបួសចំនួន ៦៧នាក់ និងស្លាប់ចំនួន ៥នាក់។ រន្ទះបាញ់កើតឡើងចំនួន ៨៥លើក សម្លាប់មនុស្សចំនួន ៦៧នាក់, របួសចំនួន ៤២នាក់ និងស្លាប់សត្វពាហនៈចំនួន ៤០ក្បាល។ ជាមួយគ្នានេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីខេត្ត សហការជាមួយកាកកបាកក្រហមកម្ពុជា ក្រុមការងារថ្នាក់ជាតិ អង្គការ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះជួយស្តាជីវភាពប្រជាពលរដ្ឋឡើងវិញបានទាន់ពេលវេលា។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានបន្តថា បម្រែបម្រួលអាកាសធាតុនៅលើពិភពលោកនាពេលបច្ចុប្បន្ន ក៏បានជះឥទ្ធិពលមិនល្អដល់កម្ពុជាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងតែជួបនូវគ្រោះមហន្តរាយនានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ បន្ថែមពីលើកត្តាធម្មជាតិនេះ កម្ពុជាក៏ប្រឈមនឹងឧប្បត្តិហេតុផ្សេងៗកើតចេញពីសកម្មភាពរបស់មនុស្សគ្រាដែលសង្គមជាតិកំពុងមានការអភិវឌ្ឍនោះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសមត្ថភាពក្រុមសង្គ្រោះ ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុផ្សេងៗដែលអាចកើតមាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញ និងក្រើនរំលឹកសិក្ខាកាមជាអ្នកសង្គ្រោះទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីជាអ្នកសង្គ្រោះ គឺត្រូវតែពុះពារអត់ធ្មត់ជម្នះការលំបាកទាំងឡាយ ដើម្បីសម្រេចប្រតិបត្តិការ គឺជួយដល់អាយុជីវិតរបស់ជនរងគ្រោះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សាធារណៈជន ជាពិសេសប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ ដោយត្រូវតាមដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងនាយទាហាន ពលទាហាន និងក្នុងនាមមេបញ្ជាការយោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់ ឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋដែលជួបការលំបាកជាបន្តបន្ទាប់។
ជាក់ស្តែងពេលនេះនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវសំសម្ភារគ្រឿងបំពាក់មធ្យោបាយ ដល់កងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយមានដូចជា៖ ទូក ១០គ្រឿង, ម៉ាស៊ីន ១០, ស្លាបចាក់១០, ម៉ាស៊ីនបូបទឹក ២០គ្រឿង, ទុយោទឹក ៤០ឈុត, ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, តង់ចល័ត ២០សម្រាប់, ខ្សែពួរប្រវែង ១,០០០ម៉ែត្រ, អាវពោង ២០០អាវ, ឯកសណ្ឋាន ៣៦០ឈុត, មួក ១២០, ពិល១០, ពិលសម្រាប់មួកសុវត្ថិភាព ៥កេះធំ, មួក គ.ជ.គ.ម.១២០, អាវយឺត១២០កំប្លេរ និងបាឡូដាក់សម្ភារៈ១២០ផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ