ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ បានបង្គាប់ឲ្យឃុំបុរសវ័យចំណាស់ម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសហិ.ង្សាមានស្ថានទម្ងន់ទោសវា.យគ្នាទៅវិញ ទៅមក តែបានបណ្តាលឲ្យ ភាគីម្ខាង គឺបុរសជនជាតិអូស្ត្រាលី ត្រូវរងរបួសធ្ងន់ធ្ងរចំក្បាល និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
អំពីហិ.ង្សានេះ បានកើតឡើង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទី នៅចំណុចផ្ទះ លេខ៥៦Eo ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនត្រូវចោទខាងលើនេះ មានឈ្មោះ ចាន់ រីវង្ស ភេទ ប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេងម៉ាស៊ីន មានទីលំនៅ ផ្ទះលេខ៥៦Eo ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ ៧មករា។
ចំណែកឯ ជនរងគ្រោះឈ្មោះ Michael Anthony Davitt ជនជាតិអូស្រ្តាលី ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៥៦E3 ផ្លូវ១០៩ ភូមិ៥ សង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា ។
អ្នកទាំងពីរ គឺអ្នករស់នៅជិតខាងនឹងគ្នា។

ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ “ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ ” និង ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១។
បច្ចុប្បន្នេះ ជនរងគ្រោះ ឈ្មោះ Michael Anothy Davitt កំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ដោយសារតែស្ថានភាពនៃរបួសចំក្បាលរបស់គាត់ មានលក្ខណៈធ្ងន់ធ្ងរ ៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា