ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្សារដំបូលខៀវ អស់៦តូបយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់អាជីវករផ្សារ និងពលរដ្ឋជិតខាង សុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។
ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្សារដំបូលខៀវ តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងមាន ឈ្មោះ លោកឧកញ៉ា កាំង ឡេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអគ្គនាយកផ្សារ ចំណែកអ្នកគ្រប់គ្រងផ្សារ មានឈ្មោះសុង គឹមហ៊ួរ ភេទប្រុសអាយុ៥២ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ បានឃើញអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅចេញពីក្នុងផ្សារ ក្រោយមកគាត់បាននាំគ្នា ប្រញាប់ប្រញាល់យកសម្ភារៈចេញពីតូប បានមួយចំនួនរួចបានរាយការណ៍ នៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។
ក្រោយពីនាយការិយាល័យខាងបង្ការ និងសង្រ្គោះពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលដំណឹងថា ឆេះផ្សារដំបូលខៀវ នៅខណ្ឌពោធិ៍សែនជ័យ ក៏បានចេញរថយន្តមកជួយបា.ញ់ពន្លត់ ជាច្រើនគ្រឿងមកជួយបា.ញ់ពន្លត់ភ្លាមៗ។

ក្រោយពីបា.ញ់ពន្លត់សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ២៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើនឹង ៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រេីប្រាស់ទឹក អស់ ២ឡាន ស្មេីនឹង ១២ម៉ែត្រគូប , រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រ នាថ្ងៃដដែល៕ រក្សាសិទ្ធិដោយ ៖ សា មេត









