កណ្តាល ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីបុណ្យសង្ឃទាន ត្រឡប់ទៅផ្ទះវិញ ជ្រុលទៅបុ.កពីក្រោយរថយន្តកុងតឺន័រចតស្ងៀម បណ្តាលឲ្យដួលបោ.កក្បាលនឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែករថយន្តវិញ ព្យាយាមបើករត់ទៅមុខតែត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃអាទិត្យទី១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សពមានឈ្មោះលីថាវុធ ភេទប្រុស អាយុជាង៣០ឆ្នាំមុខរបរ មេការសំណង់ មានប្រពន្ធ កូន២នាក់ មានស្រុកកំណើត នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ស លាយខៀវ ពាក់ផ្លាកលេខកំពង់ចាម3B-1464 បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ បានបើករថយន្តយកទៅចត នៅលើចិញ្ចើមផ្លូវ រួចចុះទៅទិញអីហូបមួយភ្លែត ខណៈពេលចុះទៅទិញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានបុរសម្នាក់ជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1N-0745 ជិះតាមបណ្តោយផ្លូវជាតិលេខ១ ពីក្រោយស្របគ្នាក្នុងល្បឿនលឿន មិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រចតស្ងៀម បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់មួយរំពេច។ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តកុងតឺន័រ បានបើករថយន្តរត់ទៅមុខជិតមួយគីឡូម៉ែត្រ ត្រូវបានសមត្ថកិច្ចតាមឃាត់ បានតែរថយន្ត រីឯតៃកុងរត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុបនៅអធិការដ្ឋាននគរបាលខេត្តកណ្តាល រង់ចាំឲ្យភាគីរថយន្តចូលខ្លួនដោះស្រាយ ទៅតាមច្បាប់ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត






