ភ្នំពេញ ៖ កញ្ញា អ្នកចម្រៀង ស្រីលីន បានប្រើជីវិតនៅលើសិល្បៈប្រមាណចូល១០ឆ្នាំមកហើយ និងមានបទពិសោធន៍ច្រើនក្នុងតិចនិចច្រៀង។ បើទោះកេរ្តិ៍ឈ្មោះ របស់តារាចម្រៀងរូបនេះ នៅមានកម្រិតមិនទាន់លាន់ឭ មហាជនស្គាល់អស់ ក៏ស្រីស្រស់តូចតន់រូបនេះ នៅមានមហិច្ឆតា ប្រឡូកសិល្បៈព្រោះសង្ឃឹមពេលមួយ បានដល់គោលដៅ។

ការតស៊ូលំបាកបែបនេះ ដោយសារតែយល់ថា ជីវភាពនៃគ្រួសារជាសំខាន់ ដែលត្រូវជួយ និងមិនអាចមើលរំលងបាន។ ដូចនេះហើយទើប កញ្ញា លីន ក្រៅពីការច្រៀងតាមឆាកតន្ត្រីលើកញ្ចក់ទូរទស្សន៍ ក៏បានចំណាយពេលច្រៀង តាមហាងយប់ឡើង ដើម្បីបំពេញប្រាក់ចំណូល។ ទោះហត់លំបាក យ៉ាងណា ត្រូវតែឈ្មុសឈ្មុល តតាំងគ្មានការស្រណុកណា ដែលមិនកើតចេញពីការលំបាកឡើយ។ ដូចនេះមិនអាចយកឧបសគ្គក្លាយជាការបាំងបិទ ជ័យជម្នះនោះទេ។
កញ្ញា លីន បានថ្លែងថា លះបង់ពេលវេលាច្រើន នៅជាមួយសិល្បៈ មិនអាចបោះបង់បាននោះទេ។ អ្វីដែលនាងធ្វើបាន ត្រូវតែមានមោទនភាពខ្លួនឯងជានិច្ច ព្រោះនោះជាញើសឈាមដែលមាន កើតពីការប្រឹង។ ពិតណាស់សិល្បៈ ត្រូវការភាពតស៊ូពុះពារយូរណាស់ ទម្រាំមានការទទួលស្គាល់។ មិនខុសពី រៀមច្បងមុនៗឡើយ ដែលតស៊ូរាប់ឆ្នាំទម្រាំ ទទួលបានការគាំទ្រភាពល្បីល្បាញ។ ម្ល៉ោះហើយទើបនាងតែងតែ ផ្តល់ការលើកទឹកចិត្តខ្លួនឯងថា ពេលណាមួយ យើងពិតជាដើរដល់គោលដៅមិនខាន៕ រក្សាសិទ្ធិដោយ៖សំណាងSV

















