Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំងខឹងអូស្រ្ដាលីលុបចោលកុងត្រារាប់ពាន់លានដុល្លារ លែងចរចាលើវិស័យការពារជាតិជាមួយអង់គ្លេស

spot_img

រដ្ឋធានីប៉ារីស ៖ ដោយសារតែកិច្ចព្រមព្រៀង Aukus ទើបអូស្រ្ដាលី សម្រេចលុបចោលកុងត្រាកំពុងដំណើរសាងសងនាវាមុជទឹក មានតម្លៃជាង៣០ពាន់លានដុល្លារជាមួយនឹងបារាំង ហើយករណីនេះ ធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង នាំឲ្យមានជម្លោះការទូតជាមួយនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្ដាលី ព្រោះវានាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសបារាំង។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានលុបចោលការចរចាជាមួយនឹងសមភាគីអង់គ្លេស ពាក់ព័ន្ធនឹងជម្លោះ ដែលផ្ដើមចេញពីកិច្ចព្រមព្រៀងសន្ដិសុខថ្មី (Aukus) រវាង អង់គ្លេស សហរដ្ឋអាមេរិក និងអូស្រ្ដាលី។ កិច្ចព្រមព្រៀង Aukus នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កុងត្រាដែលកំពុងតែដំណើការ សាងសង់នាវាមុជទឹក មានតម្លៃរាប់សិបពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈអូស្រ្ដាលីបានចុះហត្ថលេខាជាមួយនឹងបារាំង។ បញ្ហានេះ ទើបធ្វើឲ្យរដ្ឋាភិបាលទីក្រុងប៉ារីស បានខឹងសម្បាយ៉ាងខ្លាំង។

កិច្ចព្រមព្រៀង Aukus ត្រូវបានប្រកាស កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ហើយត្រូវបានគេមើលឃើញថា នេះជាកិច្ចខិតខំប្រឹងប្រែង ទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង។ ដោយសារតែកិច្ចព្រមព្រៀង Aukus នេះ ទើបអូស្រ្ដាលី សម្រេចចិត្ដ លុបចោលកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ ដែលមានតម្លៃ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៦ រវាងអូស្ត្រាលី និងបារាំង ដើម្បីសាងសង់នាវាមុជទឹកធម្មតា ចំនួន១២គ្រឿង។

ជាមួយគ្នានេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក និងអូស្រ្ដាលី ឲ្យវិលត្រឡប់មកកាន់ប្រទេសវិញ ដើម្បីតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀង Aukus ព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសបារាំង។

លោក បូរី ចនសុន នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានថ្លែង មុនពេលចាកចេញទៅកាន់បុរីញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ថា បារាំងមិនគួរព្រួយបារម្ភ អំពីសម្ពន្ធមិត្តនេះទេ ព្រោះទំនាក់ទំនងរបស់អង់គ្លេស និងបារាំង មិនត្រូវបានបំផ្លាញចោលឡើយ។ អង់គ្លេស និង បារាំង នៅតែជាមិត្ដភក្ដិយ៉ាងជិតស្និទ្ធ និងមានសារសំខាន់បំផុតមិនអាចគណនាបាន»។

បើតាមកិច្ចព្រមព្រៀង Aukus នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាព ផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ជាច្រើនគ្រឿង។ កិច្ចព្រមព្រៀងនេះ ក៏ជួយឲ្យអូស្រ្ដាលី ក្លាយជាប្រទេសទី៧ នៅលើពិភពលោក មានសមត្ថភាពប្រតិបត្ដិការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ៕រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×