ភ្នំពេញ: កាលពីព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍ ភ្នំពេញ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការខេត្តរាជធានីភ្នំពេញ សម្រេច កាត់ទោសដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យ ចំនួន ៥០ លានរៀល ជាប់ពាក់ព័ន្ធករណី រក្សាទុកនិង ជួញដូរគ្រឿងញៀន ចំនួន ជិត កន្លះគីឡូក្រាម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៥។
លោកស្រី ចាន់ ម៉ាឌីណា ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ទរណ៍ ភ្នំពេញ បានអោយដឹងថា ជនជាប់ចោទមាន ឈ្មោះ ស៊ុម បូរី ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ។
ជនជាប់ចោទ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៥០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ក្រោមការចោទប្រកាន់ ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន” តាមបញ្ញាតិ មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ មកតុលាការឧទ្ទរណ៍ ភ្នំពេញ ។
ជនជាប់ចោទ ស៊ុម បូរី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៥ នៅសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ២៩កញ្ចប់ មានទម្ងន់ជិតកន្លះគីឡូក្រាម។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ស៊ុម បូរី បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និងការកាត់ទោសគាត់ដាក់គុក ២៥ ឆ្នាំ អំពីសំណាក់ចៅក្រម នៃតុលាការរាជធានីភ្នំពេញ។
ស៊ុម បូរី ថានិយាយថា នៅក្នុងសំណុំរឿងនេះ, គាត់គ្រាន់តែជាជនរងគ្រោះ ដោយសារការប្រើប្រាស់ថ្មាំញៀននោះទេ និង មិនមែនជាអ្នកជូញដូរគ្រឿងញៀននោះដែរ។
ជនជាប់ចោទ បានសុំអោយ តុលាការឧទ្ធរណ៍មេត្តាលើកការចោទប្រកាន់ និងច្រានចោលសាលក្រមរបស់តុលាការរាជធានីភ្នំពេញនិង ដោះលែងខ្លួន អោយមានសេរីភាពវិញ។
សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ៕
រក្សាសិទ្ធិដោយ៖ ចន្ទាភា
