ភ្នំពេញ ៖ លោកយាយវ័យ៨០ម្នាក់បានស្លា.ប់ក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃចៅប្រុសប្រើប្រាស់គ្រឿងញៀន សតិមិនល្អម្នាក់ បានដុតផ្ទះរបស់គាត់ ខណៈ:លោកយាយកំពុងតែសម្រាកនៅជាន់ខាងលើ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី រំលងអធ្រាត្រ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំមួយកន្លែង ក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពលោកយាយរងគ្រោះខាងលើ មានឈ្មោះ រស់ ហ៊ឹមយ៉ា អាយុ៨០ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តកំពត។ ចំណែកចៅប្រុសដែលបានដុតផ្ទះនេះមានឈ្មោះ សេន សាម៉ាន់ថៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន ស្នាក់នៅជាមួយគ្នា។

តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋ អ្នករស់នៅជិតខាងដែលធ្លាប់រាប់អាន និងគោរពស្រឡាញ់លោកយាយ បានឲ្យដឹងថា នៅមុនពេលកើតហេតុរយៈពេលពីរថ្ងៃ លោកយាយបានប្រាប់អ្នកជិតខាងថា លាហើយទឹកដីស្ទឹងមានជ័យ ដែលជាប្រផ្នូលមួយ ដែលរូបគាត់ដឹងខ្លួនថាជីវិតរបស់គាត់ នឹងត្រូវលាចាកពីលោកនេះហើយ លុះថ្ងៃកើតហេតុចៅប្រុសរបស់គាត់ ដុតកម្ទេចផ្ទះបណ្តាលឲ្យលោកយាយបាត់បង់ជីវិត នៅក្នុងអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ខណ:ដែលផ្លូវបេតុមួយខ្សែរកំពុង ចាក់បេតុស្ថាបនាថ្មី ធ្វើឲ្យសមត្ថកិច្ចកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ ចូលទៅជួយសង្រ្គោះរូបគាត់មិនទាន់ពេលវេលា ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនចៅប្រុស ដែលប្រើប្រាស់គ្រឿងញៀនសតិមិនសូវគ្រប់ទឹក យកមកសាកសួរ និងអនុវត្តន៍តាមនីតិវិធី។
ចំណែកសពលោកយាយ ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យ តេស្តសំណាកមេរោគកូវីដ១៩ ជាលទ្ធផលអវិជ្ជមាន ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តកំពត៕ រក្សាសិទ្ធិដោយ ៖ សួង សាម



