Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីហ្វីលីពីន បញ្ជាឲ្យបើកសាលារៀនឡើងវិញ

spot_img

រដ្ឋធានីម៉ានីល ៖ ក្រោយការបិទសាលារៀន នៅទៅទូទាំងប្រទេស ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ដោយសារការរាតត្បាតពីជំងឺកូវីដ-១៩ ទើបតែនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ប្រធានាធិបតីហ្វីលីពីន បានណែនាំដល់ក្រសួងអប់រំ ឲ្យសាកល្បង បើកសាលារៀនឡើងវិញជាលើកដំបូង ចំនួន១២០។

បើតាមសារព័ត៌មាន CNA បានចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ថា ក្រសួងអប់រំហ្វីលីពីន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រហូតមកដល់ពេលនេះ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានណែនាំដល់ក្រសួងអប់រំហ្វីលីពីន ឲ្យបើកសាលារៀនសាកល្បងឡើងវិញ ចំនួន១២០ ។ នេះជាការបើកសាលារៀនឡើងវិញ លើកដំបូង ចាប់តាំងពីការបិទសាលារៀន នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ក្រោយពេលមានការផ្ទុះឡើង នៃការរាតត្បាត ពីជំងឺកូវីដ-១៩។

លោក ហារី រ៉ូហ្គេ (Harry Roque) អ្នកនាំពាក្យ ប្រធានាធិបតីហ្វីលីពីន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ថា «យើងត្រូវតែសាកល្បងបើកសាលារៀនឡើងវិញ ដើម្បីអនុញ្ញាតឲ្យសិស្ស អាចរៀនទល់មុខគ្នាបាន ព្រោះករណីនេះ មិនមែនគ្រាន់តែជាបញ្ហា សម្រាប់ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាធំ សម្រាប់សុខភាពផ្លូវចិត្តរបស់កុមារ។ ក្រៅពីនេះ វាក៏ជាបញ្ហាសេដ្ឋកិច្ចផងដែរ ដោយសារយើងបាត់បង់ការសិក្សាមួយជំនាន់ ប្រសិនបើយើងមិនមានថ្នាក់សិក្សារៀនទល់មុខគ្នានោះទេ»។

ស្របពេលបណ្ដាប្រទេសនានា ស្ទើរតែទាំងអស់ នៅលើពិភពលោក បានត្រៀមលក្ខណៈ បើកសាលារៀនឡើងវិញ ដើម្បីឲ្យសិស្សបានសិក្សាទល់មុខគ្នា នៅក្នុងថ្នាក់សិក្សានោះ ហ្វីលីពីន ក៏បានចាប់ផ្ដើមសាកល្បង បើកសាលារៀនឡើងវិញ ក្រោយពេលប្រទេសអាស៊ានមួយនេះ បានបិទសាលារៀន នៅទូទាំងប្រទេស ចាប់តាំងពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីមានការផ្ទុះការរាតត្បាត ពីជំងឺកូវីដ-១៩។

លោក Rodrigo Duterte ប្រធានាធិបតិហ្វីលីពីន នៅថ្ងៃចន្ទ (ទី២០ ខែកញ្ញា ឆ្នាំ២០២១) បានណែនាំដល់មន្រ្ដីក្រសួងអប់រំ ត្រូវតែបើកសាលារដ្ឋរាប់រយកន្លែង នៅក្នុងតំបន់នានា ដែលគិតថា មានគ្រោះថ្នាក់តិចតួច ពីការចម្លងមេរោគកូវីដ-១៩នេះ។ ថ្នាក់សិក្សា នឹងត្រូវបើកឡើងវិញ ចាប់ពីថ្នាក់មត្ដេយ្យ រហូតដល់វិទ្យាល័យ។ ប៉ុន្ដែចំនួនសិស្ស និងម៉ោងសិក្សាទល់មុខគ្នា ក៏ត្រូវបានកំណត់ផងដែរ។
លោក Leonor Briones រដ្ឋមន្រ្ដីក្រសួងអប់រំហ្វីលីពីន បានបញ្ជាក់ថា «ប្រសិនបើការបើកសាលារៀនសាកល្បងនេះ មានសុវត្ថិភាព និងមានប្រសិទ្ធភាពនោះ យើងនឹងបើកជាបណ្ដើរៗឡើងវិញ នៅទូទាំងប្រទេសតែម្ដង»។

គេហទំព័រ Worldometer ចេញផ្សាយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ថា ហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩សរុប ២ ៣៨៥ ៦១៦នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៣៦ ៩៣៤នាក់ និង មានអ្នកជាសះស្បើយ ២ ១៧១ ៨៣២នាក់ ហើយអ្នកជំងឺ ១៧៦ ៨៥០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×