ភ្នំពេញ ÷ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្រ្កាបទីតាំង KTV គ្រួសារ និងភោជនីយដ្ឋាន ថុនវាសនាម្អូបស្រស់ ដែលលួចបើកខុសពីបម្រាមសាលារាជធានីភ្នំពេញ នៅក្នុងនោះឃាត់មនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងសម្ភារៈធ្វើដំណើរ។

ហេតុការណ៍ឆ្មក់បង្រ្កាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយការដាក់បញ្ជាផ្ទាល់ ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបើកល្បែងសុីសង ការជួបជុំប្រមូលផ្តុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ និងមានការជូនដំណឹង ពីសមត្ថកិច្ចមូលដ្ឋាន ជូនទៅដល់ម្ចាស់ទីតាំងយីហោឈ្មោះKTV គ្រួសារ និងភោជនីយដ្ឋានថុនវាសនាម្ហូបស្រស់ ជាច្រើនដងរួចមកហើយ តែដោយ ម្ចាស់ទីតាំងខាងលើនេះ មិនចូលរួមគោរពតាមការណែនាំ និងផ្គើនពីបម្រាមសាលារាជធានីភ្នំពេញ ទើបនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ខាងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធ ចុះទៅបង្រ្កាបភ្លាមៗផងដែរ ។

ក្រោយពីការឃាត់ខ្លួនមនុស្សប្រុសស្រីទាំងអស់នោះ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រូពេទ្យ ខាងក្រសួងសុខាភិបាល ដើម្បីឲ្យចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ ក្រោយគ្រួពេទ្យពិនិត្យរួចក៏ឃើញ មនុស្សប្រុសស្រីជាច្រើនាក់ បានផ្ទុកវិជ្ជមានកូវីដ១៩ បន្ទាប់មកក៏ដឹកអ្នកមានវិជ្ជមាន ទៅមណ្ឌលព្យាបាល ចំណែកអ្នកអត់មានបញ្ជូនខ្លួនយកទៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត










