ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចំងាយ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ដោតលើបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរដូវ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ក្រុមមន្ត្រី កងកម្លាំងសមត្ថកិច្ចថា ត្រូវប្រើតួនាទីអនុវត្តន៍ការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ នៅក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ, ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះការពារសុវត្ថិភាពជូនពលរដ្ឋ ជាពិសេសការពាពីការឆ្លងជំងឺកូវីដ-១៩ នៅតាមទីសាធារណៈ និងត្រូវការពារសុវត្តិភាពខ្លួនឯងផងដែរ បើទោះបីធ្លាប់មានបទពិសោធន៍ នាពេលកន្លងមកហើយក៏ដោយ។
ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវបានណែនាំឱ្យកោះប្រជុំគណៈកម្មការអាចារ្យវត្តទាំង១៥១ នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាមឱ្យមានអនាម័យ បរិស្ថានល្អ សោភ័ណភាពស្អាត ធ្វើយ៉ាងណាមិនឱ្យមាន ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







