Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។

តាមរយៈសារលិខិតក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ថែមលើវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិការវិវត្តដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោក បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពលទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពល នៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើងដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះ បានដាក់បង្ខំមកលើយើង។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបេតយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ។ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយ ពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូន កងកម្លាំងជាបន្តបន្ទាប់ចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិនៃភ្លើងសង្គ្រាម។

ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២១ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៧,៥២៧នាក់ (ក្នុងនោះ ស្ត្រី៤៦៨នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមតំបន់ចំនួន១០ ក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ៍ ស៊ូដង់ ស៊ូដង់-ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ កងកម្លាំងកម្ពុជាមានចំនួនសរុប៧៨៧នាក់ (ក្នុងនោះស្រ្តី១០៥នាក់) កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល និងយេម៉ែន។

កម្ពុជានឹងបន្តរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៅលើសកលលោកដែលរួមមាន៖ អំពីភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន និងជំងឺឆ្លងនានា។ល។ កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×