Sunday, September 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមត្រេកអរ អុីណូ មានភរិយាវ័យក្មេង និងស្រស់ស្អាត

ភ្នំពេញ ៖ នៅទីបំផុតតារាច្រៀងលោក អុីណូ បានសម្រេចជ្រើសរើសនារីវ័យក្មេង និងស្រស់ស្អាតមួយរូប យកធ្វើជាភរិយាពេញច្បាប់រួចហើយ។
អុីណូ បានរៀបចំពិធីសែនព្រេន តាមគន្លងប្រពៃណី ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង កាលពីពេលថ្មីនេះ។

បើទោះមិនទាន់បានរៀបចំពិធីមង្គលការឲ្យធំដុំនៅឡើយក្តី ប៉ុន្តែទាំងលោក អុីណូ និងនារីវ័យក្មេងរូបនោះ បានហៅគ្នាប្តីប្រពន្ធពេញៗមាត់។
នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញភរិយារបស់លោក អុីណូ បានហៅតារារូបនេះប្តីពេញៗមាត់ នៅពេលដែលនាងបានបង្ហោះសារ ជូនពរនៅពេលលោកអុីណូ បានលក់ឡានដាច់ម្តងៗ។

លោក អុីណូ បានទទួលស្គាល់អំពីបញ្ហាខាងលើនេះ។
តារាចម្រៀងលោក អុីណូ បានអះអាងប្រាប់បណ្តាញសារព័ត៌មាន នៅក្នុងស្រុកមួយថា លោកទើបតែបានរៀបចំពិធីសែនព្រេន ជាមួយនារីម្នាក់ កាលពីពេលថ្មីៗនេះប្រាកដមែន។

លោកបញ្ជាក់ថា ដោយសារការភ័យខ្លាច ការឆ្លងរីករាលដាលជំងឺកូវីដ១៩នោះ លោកមិនបានរៀបចំពិធីធំដុំឡើយ ពោលតែធ្វើពិធីសែនព្រេនជាមួយចាស់ និងបងប្អូនទាំងសងខាងប៉ុណ្ណោះ។

លោកថា ក្រោយពេលដែលជំងឺកូវីដ អាចនឹងថមថយច្រើននោះ លោកនឹងរៀបចំពិធីធំដុំមួយ ដើម្បីហៅមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈទាំងអស់ឲ្យចូលរួម។
យ៉ាងណាបើតាមលោក អុីណូ ភរិយារបស់លោកនាពេលនេះមានឈ្មោះ ថៃ ម៉ានីតា មានវ័យប្រមាណ២២ឆ្នាំប៉ុណ្ណោះ និងមានដើមកំណើតនៅខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា ភរិយារបស់លោក គឺជាអ្នករកសុីមួយរូប ហើយលោកបានទាក់ទងគ្នា ប្រមាណជាង២ឆ្នាំ មុនឈានដល់ពិធីសែនព្រេន តាមក្បួនខ្នាតត្រឹមត្រូវ នាពេលនេះ។
លោកបន្ថែមថា លោកបានសម្រេចជ្រើសរើសគាត់ ជាភរិយានាពេលនេះ ដោយសារភរិយារបស់លោកពូកែរកសុី និងមានភាពស្មោះត្រង់ បើទោះបីជាគាត់មានអាយុនៅវ័យក្មេងក៏ដោយ។ លោកបន្តថា ចំណុចពិសេសទៀតនោះ គឺភរិយារបស់លោកមានអត្តចរិតរម្យទម តែមុឺងមាត់ មិនចេះប្រកាន់ច្រើន ហើយសម្រាប់ការងារជាស្ត្រីមេផ្ទះនោះក៏រិតតែល្អផងដែរ។

លោក អុីណូ បន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ន ពួកលោកបានក្លាយជាប្តីប្រពន្ធពេញមុខរួចហើយ ដោយសារតែពួកលោក បានរៀបចំពិធីសែនព្រេន តាមគន្លងប្រពៃណីយ៉ាងត្រឹមត្រូវ ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×