ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកអ៉ឹម វណ្ណៈ កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន មន្ត្រីយោធាម្នាក់ នៅក្នុងពន្ធនាគារ ដើម្បីរងចាំដោះស្រាយ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ, ជនត្រូវចោទរូបនេះ មាន ឈ្មោះ ឆុ ន អំណត់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីយោធា ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិព្រៃទា ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនត្រូវចោទត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

