ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ខែកញ្ញានេះ ឯកអគ្គរាជទូតអូស្រ្តាលី ប៉ាប្លូ កាង បានទៅមើលគម្រោង វិធីសាស្រ្តលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពលំនៅឋាន តាមបែបចូលរួម (Participatory Approach Approach for Safe Shelter Awareness – PASSA) របស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា Habitat for Humanity Cambodia នៅសហគមន៍ឡឥដ្ឋអភិវឌ្ឍន៍ ក្នុងខេត្តបាត់ដំបង។
គាំទ្រដោយកម្មវិធីសហប្រតិបត្តិការអង្គការក្រៅរដ្ឋាភិបាលអូស្រ្តាលី (#ANCP) គម្រោង PASSA មានគោលបំណងពង្រឹងសមត្ថភាព គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ របស់សហគមន៍មូលដ្ឋាន ជាពិសេសអ្នកឆ្លើយតបជួរទីមួយ នៅក្នុងសហគមន៍ចំនួន ៤៥ ក្នុងចំណោមសហគមន៍ក្រីក្រក្នុងក្រុងដែលងាយរងគ្រោះបំផុត ក្នុងខេត្តបាត់ដំបង។ បន្ទាប់ពីប្រតិបត្តិការអស់ជាច្រើនឆ្នាំ PASSA បានបង្កើនការចូលរួមរបស់សហគមន៍ ក្នុងការសម្រេចចិត្ត និងការគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះ ក៏បានគាំទ្រដល់ប្រជាពលរដ្ឋចំនួន ១៥ ១១២ គ្រួសារ ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការតំឡើងភ្លើងដើរដោយសូឡានៅតាមផ្លូវ ការផ្គត់ផ្គង់ឧបករណ៍ពន្លត់អគ្គីភ័យ ការលើកកម្ពស់ការយល់ដឹងអំពីការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ ក៏ដូចជាគោលនយោបាយលំនៅដ្ឋាន និងក្របខ័ណ្ឌដីសម្រាប់ការតាំងទីលំនៅក្រៅផ្លូវការ។
ឯកអគ្គរាជទូត កាង បានមានប្រសាសន៍ថា “អូស្ត្រាលីរីករាយដែលបានក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅក្នុងសហគមន៍នេះ ដែលជាការសំខាន់សម្រាប់ការធ្វើឱ្យកាន់តែប្រសើរឡើង នូវភាពធន់របស់ពួកគេ ប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ខ្ញុំសូមអរគុណចំពោះឱកាស បានមើលឃើញពីលទ្ធផល ដែលគម្រោងបានផ្តល់ដល់សហគមន៍នេះ” ។
អូស្ត្រាលីមានមោទនភាពចំពោះការគាំទ្ររបស់យើង ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព គ្រប់គ្រងគ្រោះមហន្តរាយ របស់ប្រជាជនងាយរងគ្រោះ នៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ