Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានគេកំពុងចាក់ដីលុបមាត់ព្រែកកំពត ឈ្មួញរង់ចាំទិញ ដោយប្រើល្បិចកលជួលដីរដ្ឋ៣០ឆ្នាំ សូមអាជ្ញាធរជួយពិនិត្យ

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅស្រុកទឹកឈូ និងអ្នកធ្វើដំណើរឆ្លងកាត់មាត់ព្រែកកំពត បានភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ទៅកាន់អាជ្ញាធរខេត្តកំពតថា ហេតុអ្វីក៏បណ្ដោយឲ្យមានការចាក់ដីលុបព្រែកកំពតទៀតហើយ? មិនដឹងថា អាជ្ញាធរមើលមិនឃើញ ឬមិនទាន់ទទួលបានសេចក្តីរាយការណ៍ ឬក៏អសមត្ថភាពនោះទេ ?

ប្រជាពលរដ្ឋបានរាយការណ៍ថា នៅពេលថ្មីៗនេះ មានជនមិនស្គាល់មុខបានគប់គិតគ្នា ដឹកដីចាក់លុបទាំងយប់ទាំងថ្ងៃ ដោយប្រើរថយន្ត និងទូកផងដែរ។ គេចាក់ដីលុបមាត់ព្រែកកំពតបែបនេះ ដើម្បីបង្កើតដីគោក គឺចាក់ដីលយចូលទៅក្នុងទឹកព្រែក ជម្រៅពី ៥០ម៉ែត្រ ទៅ ១០០ម៉ែត្រ ប្រយោជន៍វាស់ចែកគ្នា ឬក៏លក់ទៅឲ្យឈ្មួញនានា។

ការចាក់ដីបំពេញមាត់ព្រែក ហើយលក់ដូរទៅឲ្យក្រុមឈ្មួញនោះ ត្រូវបានប្រជាពលរដ្ឋបង្ហើបពីល្បិចលកថា គេច្បាស់ជាហ៊ានទិញ គឺទិញក្រោមរូបភាពជួលរយៈពេល៣០ឆ្នាំពីខេត្ត, តម្លៃទៀតសោត ក៏ថ្លៃគួរសមដែរ គឺ១ម៉ែត្រដើរតម្លៃរាប់ពាន់ដុល្លារឯណោះ។

សូមបញ្ជាក់ថា ទីតាំងដែលជនទុច្ចរិតចាក់ដីលុបមាត់ព្រែកកំពតនេះ ស្ថិតនៅ ចំណុច ភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នៅជាប់នឹងផ្លូវតភ្ជាប់ពីទីរួមខេត្ត ទៅកាន់តំបន់កំពង់ផែទេសចរណ៍ថ្មី, ពេលនេះកំពុងលុបប្រវែងប្រមាណ ១០០០ម៉ែត្រ និងចាក់ដីចូលជ្រៅទៅក្នុងផ្ទៃទឹកព្រែក ជម្រៅពី ៥០ ទៅ ១០០ម៉ែត្រ ដោយគេមិនឃើញមានមន្ត្រីអាជ្ញាធរ សមត្ថកិច្ចណាចុះទៅហាមឃាត់នោះឡើយ។

នេះជាសេចក្តីរាយការណ៍ស្ដីពីហេតុការណ៍ជាកើស្ដែងមួយរបស់ប្រជាពលរដ្ឋ ដោយមានទាំងរូបភាពមកកាន់ការិយាល័យនិពន្ធនៃមជ្ឈមណ្ឌលព័ត៌មាន CEN ប៉ុន្តែការពិតយ៉ាងណានោះ យើងនៅត្រូវការ ការបញ្ជាក់ពីអាជ្ញាធរស្រុកទឹកឈូនៃខេត្តកំពត ផងដែរ។ ពេលនេះ CEN មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរស្រុកទឹកឈូនៃខេត្តកំពត បាននោះទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង, ប៉ុន្តែយ៉ាងណាក៏ដោយ CENរង់ចាំការបំភ្លឺបកស្រាយពីអាជ្ញាធរស្រុកទឹកឈូ និងថ្នាក់ដឹកនាំខេត្តកំពត ដោយរីករាយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×