Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាលីបង់ ស្នើសុំនិយាយ ទៅកាន់មេដឹកនាំពិភពលោក កំពុងចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ

spot_img

បុរីញូវយ៉ក ៖ ក្រោយពេលបង្កើតរដ្ឋាភិបាលថ្មីរួចមក តាលីបង់បានស្នើ សុំថ្លែងទៅកាន់មេដឹកនាំរបស់ពិភពលោក នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក នាសប្ដាហ៍នេះ ហើយទាមទារឲ្យមានឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅអង្គការកំពូលនេះ ប៉ុន្ដែសំណើនេះមិនត្រូវបានយល់ព្រមនោះឡើយ ហើយលោក Ghulam Isaczai ត្រូវបានតែងតាំងដោយលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលត្រូវបានតាលីបង់ បណ្ដេញចេញពីអំណាចនោះ នៅតែជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ ដដែល។

បើតាមសារព័ត៌មាន BBC បានចេញផ្សាយ ថ្ងៃទី២២ ខែកញ្ញា ថា រដ្ឋមន្រ្ដីក្រសួងការបរទេសតាលីបង់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានស្នើសុំ តាមរយៈលិខិតមួយច្បាប់ បញ្ជូនទៅកាន់អង្គការសហប្រជាជាតិ ដើម្បីសុំឲ្យមានតំណែងរបស់ពួកគេ ប្រចាំនៅក្នុងអង្គការសហប្រជាជាតិ។ ប៉ុន្ដែគណៈកម្មាធិការអង្គការសហប្រជាជាតិ នឹងត្រួតពិនិត្យមើលសំណើរបស់តាលីបង់នេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលតាលីបង់ បច្ចុប្បន្ន ក៏បានស្នើសុំ តែងតាំងលោក Suhail Shaheen ជាអ្នកនាំពាក្យរបស់ពួកគេ ដែលមានមូលដ្ឋាន ប្រចាំនៅទីក្រុងដូហា ប្រទេសកាតារ ក្លាយជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ តាលីបង់ នៅតែអះអាងថា ឯកអគ្គរដ្ឋទូត ដែលតែងតាំងដោយរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្ដេញចេញពីតំណែងនោះ នឹងមិនមែនជាតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថាន ទៀតនោះទេ។

ដោយឡែក អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានថ្លែងថា សំណើរបស់តាលីបង់ ដើម្បីចូលរួម នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នេះ កំពុងតែលើកយកមកពិចារណា ដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលមានសមាជិក ចំនួន៩រូប រួមមាន សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី…ជាដើម។ ប៉ុន្ដែករណីនេះ តាលីបង់ ទំនងជាមិនអាចបានចូលរួមជួបកិច្ចប្រជុំនេះ មុនពេលបញ្ចប់សម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នោះឡើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ បើតាមច្បាប់របស់អង្គការសហប្រជាជាតិ លោក Ghulam Isaczai ដែលត្រូវបានតែងតាំងដោយលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថាន ត្រូវបានតាលីបង់ បណ្ដេញចេញពីអំណាចនោះ ក៏នឹងនៅតែជាឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថាន ប្រចាំនៅអង្គការសហប្រជាជាតិ ដដែល។

លោក Ghulam Isaczai ត្រូវបានគេរំពឹងថា គាត់នឹងថ្លែងសុន្ទរកថាទៅកាន់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃចុងបញ្ចប់ នៃមហាសន្និបាតរបស់អង្គការកំពូលរបស់ពិភពលោក បើទោះជាតាលីបង់ បានអះអាងថា «បេសកកម្មរបស់គាត់ មិនមែនជាតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថានក្ដី»៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×