រដ្ឋធានីប៉ារីស ៖ បន្ទាប់ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី បានបង្កើតកិច្ចព្រមព្រៀងសន្ដិសុខថ្មី (AUKUS) ទើបរដ្ឋាភិបាលកង់បេរ៉ាលុបចោលកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកជាមួយនឹងបារាំង មានតម្លៃ៣៣ពាន់លានដុល្លារ ធ្វើឲ្យរដ្ឋាភិបាលក្រុងប៉ារីសខឹងសម្បាយ៉ាងខ្លាំង ហើយនៅពេលនេះ រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានចេញមុខ មកចោទប្រកាន់ត្រង់ៗទៅលើសហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែញុះញង់ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយនឹងចិន។

បើតាមសារព័ត៌មាន Worldakkam បានចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង កាលពីថ្ងៃទី២១ ខែកញ្ញា បានចោទប្រកាន់ត្រង់ៗទៅលើសហរដ្ឋអាមេរិក ថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាម ញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសចិន។ នៅពីក្រោយខ្នង នៃកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលកង់បេរ៉ា និង វ៉ាស៊ីនតោន កាលពីពេលថ្មីនេះ នាំឲ្យមានការលុបចោលកិច្ចព្រមព្រៀងជាមួយបារាំង ជុំវិញការសាងសង់នាវាមុជទឹក មានតម្លៃ៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈបារាំងដេញថ្លៃបាន កាលពីឆ្នាំ២០១៦ ហើយកិច្ចព្រមព្រៀនេះ កំពុងតែដំណើរ។
លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានថ្លែងទៅកាន់សម័យប្រជុំរដ្ឋសភាបារាំង ថា ការបង្កើនអំណាច និងការរំលោភបំពានទៅលើចិន អាចបណ្ដាលឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់បណ្ដាប្រទេសជាច្រើន។ ករណីនេះ យើងត្រូវតែរកឲ្យឃើញនូវជម្រើសណាមួយ សម្រាប់ភាពប្រាកដនិយម ដែលកំពុងកើនឡើងទៅលើចិន។

លោកស្រីរដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានបញ្ជាក់ថា បារាំង មានវត្តមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ព្រោះតែបារាំងមិនចង់ឱ្យសំឡេងរបស់ខ្លួន និងសំឡេងរបស់សហភាពអឺរ៉ុប ត្រូវបានគេទាត់ចោល។ សហរដ្ឋអាមេរិក មានគោលបំណង បង្កើនបញ្ហាប្រឈមមុខតានតឹងដាក់ចិន។ ករណីនេះ ខ្ញុំមិនចង់ព្យាករនោះឡើយ ប៉ុន្តែការប្រឈមមុខដាក់គ្នា អាចនាំឲ្យមានការបង្កើនកម្លាំងទ័ពបន្ថែមទៀត។ តើបញ្ហានេះ យើងចង់បានសន្តិភាព និងទំនាក់ទំនងអន្តរជាតិ នៅក្នុងតំបន់ ជារឿងដ៏សំខាន់ដែរទេ? ទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងប៉ារីស ចង់គិតពិចារណានូវជម្រើសជាច្រើនទៀត សម្រាប់អន្តរកម្មបន្ថែម ក្នុងចំណោមដៃគូសហភាពអឺរ៉ុបទាក់ទងនឹងវិបត្តិនេះ។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ បានបង្កើតកិច្ចព្រមព្រៀងសន្ដិសុខថ្មី ជាប្រវត្ដិសាស្រ្ដ ដែលគេឲ្យឈ្មោះ «AUKUS» ។ កិច្ចព្រមព្រៀងត្រីភាគីនេះ មានគោលបំណង ទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
បើតាមកិច្ចព្រមព្រៀង AUKUS នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាព អាចសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរបាន ទើបអូស្រ្ដាលី បានសម្រេចចិត្តលុបចោលកុងត្រាសាងសង់នាវាមុជទឹក ចំនួន១២គ្រឿង ដែលមានតម្លៃ៣៣ពាន់លានដុល្លារជាមួយបារាំង។ កិច្ចព្រមព្រៀង AUKUS នេះ នាំឲ្យវិបត្ដិការទូតយ៉ាងខ្លាំង រវាងបារាំង និងសហរដ្ឋអាមេរិក អង់គ្លេស ហើយអូស្រ្ដាលី៕ រក្សាសិទ្ធិដោយ ៖ សារាយCEN







