រដ្ឋធានីវ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ពាក្យបណ្ដឹង ប្រឆាំងនឹងក្មួយស្រីបង្កើតរបស់ខ្លួន និង សារព័ត៌មាន New York Times ជុំវិញការរាយការណ៍ ពីពន្ធ១០០លានដុល្លារ ហើយពាក្យបណ្ដឹងនោះ បានចោទប្រកាន់ដល់ពួកគេ ពីបទ «គ្រោងការណ៍អាក្រក់» ដើម្បីទទួលបានកំណត់ត្រាពន្ធនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្មួយស្រីរបស់គាត់ ឈ្មោះ ម៉ារី ត្រាំ (Mary Trump) និង កាសែតញូវយ៉កថាមស៍ (The New York Times) ជុំវិញរឿងក្ដី១០០លានដុល្លារ ដោយចោទប្រកាន់ពួកគេ បានចូលរួម ក្នុង «ផែនការមិនពិត» ដើម្បីទទួលបានការបង់ពន្ធរបស់គាត់ សម្រាប់ការស៊ើបអង្កេត លើហិរញ្ញវត្ថុរបស់គាត់ ដោយឲ្យពានរង្វាន់ Pulitzer ។
រឿងក្ដីនេះ បានដាក់ពាក្យបណ្ដឹងទៅកាន់ Dutchess County, រដ្ឋញូវយ៉ក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយរៀបរាប់ ពីឈ្មោះអ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន New York Times រួមមាន Susanne Craig, David Barstow និង Russ Buettner ជាអ្នកជាប់ពាក់ព័ន្ធនឹងកិច្ចការ ធ្វើឲ្យទទួលបានកំណត់ត្រាពន្ធសម្ងាត់របស់គ្រួសារលោក ដូណាល់ ត្រាំ។

ពាក្យបណ្តឹងនោះ បានរៀបរាប់ថា «ចុងចោទបានចូលរួម ក្នុងគម្រោងលាក់កំបាំង ដើម្បីទទួលបានកំណត់ត្រាសម្ងាត់ និងរឿងរសើបបំផុត ដែលពួកគេបានកេងប្រវ័ញ្ច សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ជាមធ្យោបាយ នៃការធ្វើឱ្យស្របច្បាប់នូវការងារសាធារណៈរបស់ពួកគេ»។
សារព័ត៌មាន New York Times និងអ្នកកាសែត៣នាក់ បានឈ្នះរង្វាន់ Pulitzer នៅឆ្នាំ២០១៩ ជុំវិញការស៊ើបអង្កេត លើហិរញ្ញវត្ថុរបស់គ្រួសារលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ គណៈកម្មាធិការរង្វាន់ Pulitzer បានបញ្ជាក់ ដោយសំអាងលើការអះអាងរបស់គាត់ អំពីទ្រព្យសម្បត្តិ ដែលធ្វើឡើង ដោយខ្លួនឯង និងបង្ហាញ ពីអាណាចក្រជំនួញពោរពេញទៅដោយការគេចពន្ធ»។

សារព័ត៌មាន New York Times បានរាយការណ៍ថា លោក ដូណាល់ ត្រាំ ទទួលបានលុយជាង៤០០លានដុល្លារសហរដ្ឋអាមេរិក តាមលក្ខខណ្ឌទាន់សម័យ ពីអាណាចក្រអចលនទ្រព្យរបស់ឪពុករបស់គាត់ ភាគច្រើន តាមរយៈគម្រោងបន្លំពន្ធ។ ចំណែកលោកស្រី Mary Trump ជាកូនស្រីបង្កើតរបស់លោក Fred Trump Jr ត្រូវជាបងប្រុសច្បងរបស់លោក ដូណាល់ ត្រាំ ដែលបានស្លាប់ កាលពីអំឡុងឆ្នាំ១៩៨១ ដោយសារផលវិបាក ពីការសេពគ្រឿងស្រវឹង៕ រក្សាសិទ្ធិដោយ ៖ សារាយSN



