រដ្ឋធានីអ៊ិស្លាមបាដ ៖ ក្រោយពេលតាលីបង់ បានផ្ដួលរំលំរដ្ឋាភិបាលរបស់លោក អាហ្វស្រា ហ្គានី (Ashraf Ghani) ប្រធានាធិបតីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ភាពមិនច្បាស់លាស់នៅតែបន្ដកើតមាន សម្រាប់អាហ្វហ្គានីស្ថាន ទើបនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន ព្រួយបារម្ភយ៉ាងខ្លាំង អំពីវិបត្ដិមនុស្សធម៌ និងជនភៀសខ្លួន ប្រសិនបើសង្គ្រាមស៊ីវិលផ្ទុះឡើង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានព្រមាន ពីហានិភ័យ នៃការផ្ទុះឡើងសង្រ្គាមស៊ីវិល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើតាលីបង់ មិនអាចបង្កើតរដ្ឋាភិបាលរួបរួមជាតិបាន នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ។
លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC នៅក្នុងអំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ហើយបានចាក់ផ្សាយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ថា «ប្រសិនបើតាលីបង់ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានទេ ប្រទេសនេះនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ ប្រសិនបើតាលីបង់ មិនបានបញ្ចូលគ្រប់ភាគីទាំងអស់ ទៅក្នុងរដ្ឋាភិបាលនោះទេ មិនយូរមិនឆាប់ សង្រ្គាមស៊ីវិល អាចនឹងកើតឡើង ហើយករណីនេះ នឹងបង្កផលប៉ះពាល់ដល់ប្រទេសប៉ាគីស្ថាន»។

លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសរបស់លោក មានការព្រួយបារម្ភជាចម្បង អំពីលទ្ធភាព នៃវិបត្តិមនុស្សធម៌ និងជនភៀសខ្លួន ប្រសិនបើសង្គ្រាមស៊ីវិល ផ្ទុះឡើង នៅលើទឹកដីអាហ្វហ្គានីស្ថាន ក៏ដូចជា លទ្ធភាព នៃការប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដោយក្រុមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលប៉ាគីស្ថាន។
លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានបន្ថែមថា «អ្វីដែលលោកនិយាយនេះ មានន័យថា អាហ្វហ្គានីស្ថាន នឹងមិនស្ថិរភាព ហើយមានតែភាពវឹកវរ។ ម្យ៉ាងវិញទៀត អាហ្វហ្គានីស្ថាន នឹងក្លាយជាកន្លែងមនោគមន៍វិជ្ជា សម្រាប់ភេរវករ ។ ប្រសិនបើតាលីបង់មិនអាចគ្រប់គ្រងបាន ឬមួយការវាយប្រយុទ្ធគ្នា នៅតែបន្ដ វានឹងធ្វើឲ្យយើងកាន់តែព្រួយបារម្ភខ្លាំង។ ដូច្នេះអំពើភេរវកម្ម ចេញពីទឹកដីអាហ្វហ្គានីស្ថាន អាចនឹងកើតមានបន្ដទៀត។ ចំណែកបញ្ហាមួយទៀត ប្រសិនបើមានវិបត្ដិមនុស្សធម៌ ឬសង្គ្រាមស៊ីវិល គឺបញ្ហាជនភៀសខ្លួន នឹងហូរចូលមកដល់ប្រទេសរបស់យើង»៕ រក្សាសិទ្ធិដោយ ៖ សារាយSN










