ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខ របស់បុរសពិរុទ្ធជនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៤ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងមនុស្សឃា.ត និង បានកា.ប់ប្រ.ហារដោយកាំបិតប៉័ងតោ ទៅលើស្រ្តីម្នាក់ដែលជាគូស្នេហា បណ្តាលឲ្យជនរងគ្រោះដា.ច់ដៃម្ខាង និង បានក្លាយជាជនពិការរហូតដល់សព្វថ្ងៃនេះ។

សវនាការនេះ ត្រូវបានដឹកនាំដោយលោកចៅក្រម ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានលោកអ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការអមតុលាការកំពូល។
លោកស្រី ចាំង ស៊ីណាត ជាចៅក្រមរបាយការណ៍ បានថ្លែងឲ្យដឹងនៅក្នុង អង្គការសវនាការថា ជនជាប់ចោទមានឈ្មោះ គុប ផា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបររកស៊ីលក់ទា និងមាន់មានទីលំនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ សាន្ត ចិន្តា ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិ ឃុំ ស្រុក និងខេត្តជាមួយគ្នា នឹងជនជាប់ចោទ។
លោកស្រីចៅក្រមស៊ីណាត បានថ្លែងបន្តថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ គុប ផា ត្រូវបានតុលាការខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ ពីបទ ” ប៉ុនប៉ងឃា.ត.កម្ម” ប្រព្រឹត្តនៅភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ តាមបញ្ញត្តិមាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តតាកែវ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ តែសាលាឧទ្ធរណ៍ បានតម្កល់បទចោទប្រកាន់របស់គាត់ រក្សាទុកជាបានការដដែល តែបានបន្ធូរបន្ថយទោសរបស់គាត់ ពីជាប់គុក ១៤ ឆ្នាំ មកនៅត្រឹមតែ១០ ឆ្នាំវិញ។

តែជនជាប់ចោទ គុប ផា បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូល។
លោកស្រីចៅក្រមស៊ីណាត បានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២០ នៅភូមិចំលងរមាំងលេី ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីគាត់បានរត់គេចខ្លួន អស់មួយរយៈ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសខាងលើ។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ គុប ផា បានទទួលស្គាល់កំហុស និងសារភាពថា គាត់ពិតជាកាប់ទៅលើជនរងមែន នៅថ្ងៃកើតហេតុនោះ។ តែមិនមានបំណង ឬ ចេតនានឹងស.ម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមនោះទេ។

គុប ផា និយាយថា មូលហេតុដែលខ្លួន កាប់ទៅលើជនរងគ្រោះនោះ ដោយសារតែ គាត់ខឹងនឹងនាងបានធាក់ចំពងស្វាស (ពងក្ត) របស់គាត់ នៅពេលមានជម្លោះពាក្យសម្ដីនឹងគ្នានៅពេលនោះ។
គុប ផា បានសំណូមពរ ដល់តុលាការកំពូល មេត្តាបន្ធូរបន្ថយទោស និងបន្ថយប្រាក់សងជម្ងឺចិត្ត ទៅជនរងគ្រោះ ពីព្រោះ ខ្លួនគ្មានលទ្ធភាពនឹងសងនោះទេ។
តែជនរងគ្រោះ សាន្ត ចិន្តា និង មេធាវី ឈ្មោះ មួង សុគន្ធ បានសំណូមពរឲ្យតុលាការកំពូល សម្រេចតម្កល់សាលក្រម របស់តុលាការខេត្តតាកែវ រក្សាទុកជាការដដែល។
សំណរឿងក្តីនេះ, តុលាការកំពូលនឹងប្រកាសសាលដីកា នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា