ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ លោកឈុន សារ៉ាវី មេភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានដឹកនាំកម្លាំងប្រជាការពារមួយក្រុម ចុះទៅស្តារប្រព័ន្ធលូ ដើម្បីរំដោះទឹកជំនន់ នារដូវវស្សា ស្ថិតនៅម្ដុំលូ៥ មុខផ្សារសែនមេត្រី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ខណៈនោះក៏មានលោក ប៊ុន បូណា ដែលជាអ្នកគ្រប់គ្រងផ្សារសែនមេត្រី បានមកជេរប្រមាថលោកមេភូមិ និងបានហាមឃាត់មិនឲ្យកម្លាំងប្រជាការពារ ដែលដឹកនាំដោយលោកមេភូមិ ឈុន សារ៉ាវី ស្តារប្រព័ន្ធលូនៅមុខផ្សាររបស់ខ្លួន ថែមទាំងបានបបួលលោកមេភូមិដាល់គ្នាថែមទៀតផង។

ក្នុងនាមលោកជាមេភូមិម្នាក់ ដែលជាម៉ែជាឪក្នុងមូលដ្ឋាន លោកមានការតូចចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់ម្ចាស់ផ្សារសែនមេត្រីខាងលើនេះ ដែលបានសង់តូបរំលោភលើចិញ្ចើមផ្លូវ ដើម្បីជួលឲ្យអាជីវករលក់ដូរ ជាផលប្រយោជន៍របស់ខ្លួន បែរជាមកហាមឃាត់កម្លាំងប្រជាការពារ មិនឲ្យស្តារប្រព័ន្ធរំដោះទឹកភ្លៀងជន់លិច ចូលផ្ទះរបស់ប្រជាពលរដ្ឋជាច្រើខ្នង នៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បែបនេះទៅវិញ។
ចុងក្រោយនេះ លោក ឈុន សារ៉ាវី បានសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ លោកចៅសង្កាត់ស្ទឹងមានជ័យទី ៣ សូមជួយអន្តរាគមន៍ និងចាត់វិធានការចំពោះម្ចាស់ផ្សារសែនមេត្រីខាងលើនេះផង ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន បានស្ដារប្រព័ន្ធលូរំដោះទឹកជំនន់ នារដូវវស្សានេះ ដើម្បីផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ ៖ សួង សាម






