ភ្នំពេញ ៖ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ សុខុមាលភាពអ្នកប្រើប្រាស់ និងធុរកិច្ចរបស់លោកអ្នក» តាមប្រព័ន្ធវីដេអូ មានអ្នកចូលរួមមកពីបណ្ដាក្រុមហ៊ុននានា និងសភាពាណិជ្ជកម្មកម្ពុជាប្រមាណ១៥០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មធិការជាតិ ការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប) បានថ្លែងថា ខ្ញុំសូមអំពាវនាវដល់អ្នកធ្វើធុរកិច្ចទាំងឡាយ ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ច ទៅលើកិច្ចការពារអ្នកប្រើប្រាស់ សូមយកចិត្តទុកដាក់អនុវត្តនូវការតព្វកិច្ចទាំងនោះ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់គ្នា ដើម្បីរួមចំណែកជាមួយស្ថាប័ន មានសមត្ថកិច្ច និងអ្នកប្រើប្រាស់ក្នុងការកសាងសង្គមយើង ឱ្យមានសុខដុមនីយកម្ម និងមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់អ្នកប្រើប្រាស់ ឱ្យធ្វើសេចក្តីរាយការណ៍ ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាព មិនសុចរិត ក្នុងធុរកិច្ចរបស់ខ្លួនមកកាន់ក្រសួង ពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រ ដោយបញ្ជាក់ថា ច្បាប់ស្ដីពី កិច្ចការពារ អ្នកប្រើប្រាស់នេះ នឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន និងអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាប្រកបដោយបរិយាប័ន្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








