ភ្នំពេញ ៖ កាលពីថ្ងៃ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសបុរសជនជាតិចិន ចំនួន ០៤នាក់ ដាក់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១១ ឆ្នាំ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន ២០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹង ការចាត់ចែង និង សម្រួលឲ្យប្រើប្រាសនូវសារធាតុញៀន ដែលហាមឃាត់ ប្រព្រឹត្តក្នុងក្លិបរាត្រី១៣ KTV ស្ថិតនៅអគារលេខ១៦ ផ្លូវ២០៦ សង្កាត់ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០។

លោកសេង លាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹង ក្នុងសវនាការថា ជនជាប់ចោទចិនទាំង០៤នាក់ ខាងលើនេះ មានឈ្មោះ ៖
ទី១. ឈ្មោះ Lin Kang Lai ភេទប្រុស អាយុ៤៧ឆ្នាំ ។
ទី២. ឈ្មោះ Houng Fei axion ភេទប្រុស អាយុ៣០ឆ្នាំ ។
ទី ៣. ឈ្មោះ Houng Fei Hal ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន ។
និង ទី ៤. ឈ្មោះ Zang sin wei ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិចិន ។
ជនជាប់ចោទទាំង០៤នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចាត់ចែង និង សម្របសម្រួល ឲ្យប្រើប្រាសនូវសារធាតុញៀន ដែលហាមឃាត់» តាមមាត្រា៤០ មាត្រា៤២ មាត្រា៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តក្នុងក្លិបរាត្រី១៣ KTV ស្ថិតនៅអគារលេខ១៦ ផ្លូវ២០៦ សង្កាត់ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ សីហា ឆ្នាំ២០២០។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ២៥ ខែ សីហា ឆ្នាំ ២០២០ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងរាជធានីភ្នំពេញ រឹបអូសថ្នាំញៀន មួយចំនួនធំ និង សម្ភារ:ប្រើប្រាស់ថ្នាំមួយចំនួនផ្សេងទៀត ពីពួកគេ៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា