ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានបង្ក្រាប និងឃាត់ខ្លួន ជនជាតិចិនចំនួន ០៣នាក់ និង ជនជាតិថៃម្នាក់ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សជនជាតិថៃ ចំនួន៣៦ នាក់ នាំឆ្លងដែន ដោយខុសច្បាប់ មកស្នាក់នៅក្នុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងនៅតាមរយៈការបំភ្លឺរបស់លោក នៅថ្ងៃទី ២៤ កញ្ញានេះ ក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ករណីខាងលើនេះ គឺ មិនមែនជាការចាប់បង្ខាំងមនុស្សនោះទេ។
លោកស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃ៤ កញ្ញា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ ក្នុងនោះ មានស្រី១០នាក់ ដែលមេខ្យល់នាំឆ្លងដែន ដោយខុសច្បាប់ មកស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
លោកស្នងការខេត្តព្រះសីហនុ បាននិយាយថា បន្ទាប់មកអភិបាលខេត្ត បានចាត់ចែងក្រុមគ្រូពេទ្យ ចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ក៏បានរកឃើញអ្នកវិជ្ជមាន មេរោគកូវីដ-១៩ប្រភេទដែលតា ចំនួន០៥នាក់ (ស្រី០១នាក់) រួចហើយក៏យកទៅឲ្យព្យាបាលនៅ សណ្ឋាគារសាកាណា៣ ។ ចំណែកចំនួន ៣១នាក់ មិនមានវិជ្ជមានដាក់ឲធ្វើចត្តាឡីស័ក នៅកន្លែងនោះ ដើម្បីតាមដានបន្ត។

លោកស្នងការខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា កម្លាំងជំនាញបន្តស្រាវជ្រាវ រកឃើញអ្នកពាក់ព័ន្ធ ដែលនាំជនជាតិថៃខាងលើ ចូលមកដោយខុសច្បាប់ចំនួន០៤នាក់ (ចិន០៣នាក់ និងថៃ០១នាក់) ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តន៍តាមវិធានច្បាប់រួចរាល់ហើយ។
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា « ករណីខាងលើនេះ មិនមែនបង្ខាំងមនុស្សនោះទេ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ដោយក្ដីគោរពបំផុត» ៕ រក្សាសិទ្ធិដោយ ៖ ចន្ទាភា