ខេត្តកណ្តាល ÷ ប្រជាជនប្រមាណ ៣០០គ្រួសារ រស់នៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បាននាំគ្នាជិះទូកមកធ្វើការតវ៉ា ទៅនឹងមន្រ្តីមូលដ្ឋាន ឃុំ-ស្រុក និងមន្ត្រីសុរិយោដីស្រុកស្អាង នៅចំណុចបឹងត្នោតមួយដើម ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកស្អាង ដោយពួកគាត់បានអះអាងថា មេឃុំប្រាសាទ ស្មៀនឃុំ អភិបាលរងស្រុកស្អាង លោក ម៉ៅ តារាបានសមគំនិតគ្នាជាប្រព័ន្ធ យកដីរបស់ពួកគាត់លក់ឲ្យទៅឈ្មួញ ឈ្មោះ លី ហាក់ ហើយបានរៀបចំផែនការបា.ញ់ប្លង់ ដើម្បីចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិឲ្យទៅឈ្មួញទៀតផង, ប៉ុន្តែបើតាមការបញ្ជាក់របស់មន្ត្រីមូលដ្ឋាន អះអាងថាប្រជាពលរដ្ឋទាំងនោះ ពុំដែលដឹងពីជីវប្រវត្តិដីនោះទេ ពោលគឺ ពុំមានដីនៅលើទីតាំងដែលចោទលើមន្ត្រីអាជ្ញាធរមូលដ្ឋាននោះឡើយ។

នៅលើទីតាំងប្រមូលផ្ដុំ ប្រជាពលរដ្ឋ បានឱ្យដឹងថា មន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំដល់ថ្នាកើស្រុក ជាច្រើននាក់ តែងតែរៀបគម្រោងយកដីប្រជាជន លក់ឲ្យឈ្មួញច្រើនលើកច្រើនសាមកហើយ កាលពីពេលកន្លងទៅ។ ជាក់ស្ដែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមមន្ត្រីមូលដ្ឋានមាន លោក ឈាង លី មេឃុំប្រាសាទ , លោក ម៉ៅ តារា អភិបាលរងស្រុកស្អាងនៃខេត្តកណ្ដាល និងមន្ត្រីសុរិយោដីមួយចំនួនទៀត បានចុះទៅវាស់ដីបឹងចំណុចខាងលើលក់ឲ្យឈ្មួញ ឈ្មោះ លី ហាក់ , តែដោយមានការតវ៉ាខ្លាំងពីសំណាក់ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ ទើបត្រូវបានបរាជ័យ ហើយក្រុមមន្ត្រីទាំងនោះ ក៏បានវិលត្រឡប់ឡើងគោកវិញ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពេលមកដល់លើគោកវិញ ក្រុមការងារអ្នកសារព័ត៌មានមួយចំនួន បានព្យាយាមជួប និងសាកសួរព័ត៌មាន អំពីបញ្ហាជុំវិញករណីដែលប្រជាពលរដ្ឋចោទថា លួចវាស់ដីរបស់ពួកគាត់លក់ឲ្យឈ្មួញនោះទៅកាន់អភិបាលរងស្រុកស្អាង គឺលោក ម៉ៅ តារា ប៉ុន្តែត្រូវលោកបដិសេធ។

គ្រាដែលកំពុងកើតហេតុតវ៉ា ប្រជាជនបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មិនដែលបានលក់ដីទៅឱ្យបុគ្គលឈ្មោះ លី ហាក់ នោះទេ តែហេតុអ្វីបានជាមន្ត្រីសុរិយោដី និងមន្ត្រីពាក់ព័ន្ធថ្នាក់ឃុំ-ស្រុកទាំងនោះ នាំគ្នាមកធ្វើការវាស់វែងដី បាញ់ GPS កំណត់ប្លង់ ដើម្បីធ្វើបណ្ណកម្មសិទ្ធិឲ្យជននេះទៅវិញ?
ក្រុមប្រជាពលរដ្ឋបានបន្តថា រឿងរ៉ាវទាំងនេះ កើតចេញពីលោកមេឃុំប្រាសាទ និងស្មៀនឃុំ ដោយមានការចូលរួមពីអភិបាលរងស្រុកស្អា លោក ម៉ៅ តារា ដែលជាច្រើនលើកច្រើនសាមន្ត្រីទាំងនេះ តែងតែយកដីរបស់ប្រជាពលរដ្ឋលក់ឲ្យឈ្មួញ ហើយថែមទាំងធ្វើឲ្យមានការទិញលក់ ជាន់ប្លង់គ្នាជាច្រើនករណីថែមទៀតផង។


កន្លងមក ប្រជាពលរដ្ឋមានការមិនពេញ ចិត្តនឹងលោកមេឃុំប្រាសាទ លោក ឈាង លី នេះឡើយ ដោយចោទថា លោកមេឃុំ ជាមនុស្សបក្ខពួកនិយម បម្រើការងារឲ្យតែក្រុមរបស់ខ្លួនប៉ុណ្ណោះ , ម្យ៉ាងទៀតជំទប់ទី១ ក្នុងឃុំនេះ គឺជាកូនប្រសារបស់លោកមេឃុំថែមទៀត ដែលជាខ្សែសង្វាក់នាំឲ្យមានការប្រមូលផ្ដុំជាបក្សពួក។ ជាមួយគ្នានេះដែរ ស្មៀនឃុំ គឺជាមនុស្សរបស់អភិបាលរងស្រុកស្អាង លោក ម៉ៅ តារា ហេតុដូច្នេះហើយ លោកមេឃុំ ស្មៀន និងអភិបាលរងស្រុកស្អាង តែងតែសមគំនិតគ្នាជាប្រព័ន្ធ បន្លំស្នាមមេដៃរបស់ប្រជាជន យកដីប្រជាជនទៅលក់ឲ្យឈ្មួញ។
ពាក់ព័ន្ធនឹងការចោទរបស់ប្រជាជនក្នុងករណីនេះ ត្រូវបាន លោក ឈា លី មេឃុំប្រាសាទ បានបកស្រាយថា ដំបូងសូមបដិសេធថា មិនដូចការចោទប្រកាន់នោះទេ, ប្រជាពលរដ្ឋទាំងនោះ ខ្លះមកពីស្រុកលើកដែក ខ្លះមកពីស្រុកស្អាង នៃខេត្តកណ្ដាល ដែលរស់នៅម្ដុំបឹងត្នោតមួយដើម ស្ថិតក្នុងឃុំប្រាសាទ នេះផងដែរ ប៉ុន្តែពួកគេហាក់ដូចជាមិនច្បាស់លាស់សោះ ព្រោះថា ពេលមន្ដ្រីសុរិយោដីស្រុកស្អាង សួរនាំពួកគាត់ថា តើដីរបស់ពួកគាត់នៅម្ដុំណា សូមឲ្យចង្អុលបង្ហាញបង្គោល ឬទីតាំង ពួកគាត់បែរជាមិនដឹងថា ដីរបស់ពួកគាត់នៅត្រង់ណានោះទេ?
លោក ឈាង លី បញ្ជាក់ថា មន្ត្រីអាជ្ញាធរមូលដ្ឋាន បានស្នើឲ្យពួកគាត់ ធ្វើតារាងបញ្ជីឈ្មោះ ដើម្បីស្នើសុំទៅកាន់មន្ត្រីសុរិយោដី ឱ្យចុះមកត្រួតពិនិត្យ និងបាញ់ GPS ពិនិត្យមើលទីតាំងដីជូនពួកគាត់ ក៏ពួកគាត់មិនហ៊ានចុះឈ្មោះក្នុងតារាងបញ្ជី ឬតារាងស្នើសុំនោះដែរ ត្រង់ចំណុចនេះ អាជ្ញាធរមូលដ្ឋានស្វែងយល់ថា ប្រជាពលរដ្ឋទាំងនោះ ហាក់ដូចត្រូវបានមេខ្យល់ណាមួយបំផុសឲ្យមកធ្វើការតវ៉ា ក្រែងបានប្រយោជន៍។
ប្រសិនបើមានព័ត៌មានទាក់ទិននឹងការចោទប្រកាន់ទៅលើមន្ត្រីមូលដ្ឋានឃុំប្រសាទ និងស្រុកស្អាង យ៉ាងណាទៀតនោះ មជ្ឈមណ្ឌលព័ត៌មាន CEN នឹងធ្វើការផ្សាយបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
