Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីមួយចំនួនទៅ ACU

ភ្នំពេញ ៖ អាជីវករក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយប្តឹងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពីបទប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមពាក្យបណ្តឹ្ដងរបស់ស្ត្រីឈ្មោះ ហម គឹមវង់ អាយុ៣៨ឆ្នាំ រស់នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសុំ បានដាក់ពាក្យបណ្តឹងប្តឹងទៅលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្គេតលើប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ប.បក) ខេត្តបន្ទាយមានជ័យ និងមន្តី្រក្រោមឱវាទ ក្នុងករណីបានជំរិតទារលុយបង់ក្បាលឡានជាច្រើនលានរៀល ដោយមិនមានឯកសារច្បាស់លាស់ ដែលចាត់ទុកជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធក្នុងការបំពេញការងារ។

នៅក្នុងពាក្យបណ្តឹងបានឲ្យដឹងថា កំឡុងដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បានឆ្លងចូលមកដល់ប្រទេសកម្ពុជា អ្នកស្រីបានប្តូរមុខរបរពីការលក់ដូរចាប់ហួយនៅក្នុងផ្ទះ មកស៊ីឈ្នួលដឹកឥវ៉ាន់ឲ្យអាជីវករនៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលនោះមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ បានមកគំរាមទារឲ្យបង់លុយគិត ជាក្បាលឡាន ក្នុងមួយខែ ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រ។ មន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ប្រសិនមិនបង់ប្រាក់ប្រចាំខែ ពួកគាត់នឹងចាប់ឡានដឹកទំនិញរបស់គាត់បញ្ជូនទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ។

ដោយការភ័យខ្លាចនិងដើម្បីធានាមុខរបរស៊ីឈ្នួលដឹកទំនិញ មួយថ្ងៃ១ជើង ឬពីរជើង អ្នកស្រីបានសម្រេចបង់ប្រាក់ដល់មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ។ ក្រោយមកនៅកំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សាន វិជ្ជាសារ៉ាវុធ ឈ្មោះ ឈួន ពិសី និងឈ្មោះ កែវ ជាមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប) បានតម្លើងតំលៃបង់ក្បាលឡាន ដោយទាមទារបង់លុយគិតជាក្បាលឡានមួយជើងតម្លៃ ៨០០០០រៀល (ប្រាំបីម៉ឺនរៀល) ពីរជើងតម្លៃ ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រ។

បន្ទាប់មកនៅកំឡុងខែកក្កដា ឆ្នាំ២០២១ ដោយសារគ្មានលទ្ធភាពបង់ប្រាក់ ក៏បានស្នើសុំបង់ប្រាក់ ៦ក្បាលឡាន ចំនួន ៣៥០,០០០រៀល (សាមសិបប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រ។ បែបបទដើម្បីបង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ផ្តើមពីការតម្រូវឲ្យចុះដើរយកលុយទៅដាក់លើក្បាលឡានដែលបញ្ឈចោលនៅលើដងផ្លូវ។ បោះលុយឲ្យមន្ត្រី ក.ប.ប ពីលើឡានដោយមិនបាច់ឈប់ឡាន ហើយពេលខ្លះគឺត្រូវដើរយកលុយទៅទុកលើតុរបស់មន្ត្រី ក.ប.ប ដែលដាក់ប៉ុស្តិ៍ល្បាត (កុងត្រូលជជុះ) នៅតាមដងផ្លូវជាតិក្រវាត់ព្រំដែនកម្ពុជា – ថៃ។

ប្រភពដដែលបានបន្តថា លុះនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីយប់ បើទោះជាអ្នកស្រីបានបង់លុយហើយក៏ដោយ ក៏មន្ត្រី ក.ប.ប នៅតាមចាប់រថយន្តរបស់អ្នកស្រីហើយទារការផាកពិន័យ ពីសូន្យរៀល រហូតដល់២០លានរៀល (ម្ភៃលានរៀល)។ គិតចាប់ពីថ្ងៃចាប់រថយន្តដឹកទំនិញចុងក្រោយ អ្នកស្រីបានបន្តបង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ចំនួន ៣ក្បាលឡានបន្ថែមទៀត។ ក្រោយមកក៏សម្រេចចិត្តឈប់បង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានមើលព័ត៌មានផ្សាយពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីអ្នកដ៏ទៃ ដោយព័ត៌មានបានបញ្ជាក់ថាការបង់ប្រាក់ ដោយគ្មានវិក័យប័ត្រ ជា អំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយ។
បន្ទាប់ពីអ្នកស្រីបានបញ្ជាក់ប្រាប់មន្ត្រី ក.ប.ប ថា ឈប់បង់ប្រាក់ជូនពួកគាត់ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅពេលនោះ មន្ត្រី ក.ប.ប ឈ្មោះ កែវ បានលុបសារសំឡេងឆ្លងឆ្លើយ បង់លុយកាក់ទាំងស្រុងតាមសារបណ្ដាញសង្គមហ្វេសប៊ុក (Messenger)។

ដោយកើតទុក្ខមិនសុខចិត្ត អំពីសកម្មភាពជំរិតទាប្រាក់របស់មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ អ្នកស្រីសម្រេចចិត្តដាក់ពាក្យប្ដឹងមកអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់។

ក្រៅពីអ្នកស្រីដែលស្ម័គ្រចិត្តប្ដឹងមន្ត្រី ក.ប.ប មានប្រជាពលរដ្ឋដែលរងគ្រោះផ្សេងទៀត បានយល់ព្រមផ្តល់ភស្តុតាងបន្ថែមទាក់ទងនឹងអំពើទាមទារបង់លុយប្រចាំខែដោយគ្មានចេញវិក័យប័ត្រនេះ ប្រសិនបើមានការស៊ើបអង្គេតពីអង្គភាពប្រឆាំងអំពើពុករលួយ។

អ្នកស្រីបានបន្តថា សកម្មភាពជំរិតទារប្រាក់ដោយគ្មានវិក័យប័ត្រ របស់មន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ប.ប.ក) ខេត្តបន្ទាយមានជ័យនេះ ចាត់ទុកថា ជាទង្វើរប្រព្រឹត្តអំពើពុករលួយលក្ខណៈប្រព័ន្ធដែលអង្គភាពប្រឆាំងអំពើពុករលួយគួរមានវិធាន ការផ្លូវច្បាប់បើកការស៊ើបអង្កេត និងចាត់ការតាមនីតិវិធីច្បាប់ជាធរមានមិនគួរលើកលែង។

ទាក់ទងករណីនេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ មិនអាចសុំការអត្ថាធិប្បាយបានទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×