ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តកូរ៉េដឹកឥដ្ឋ និងរថយន្តស៊េរីទំនើបឆ្នាំ ២០២១ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៤និង០០នាទី រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាក់KIA ពណ៌ខៀវ ពាក់ផ្លាកលេខ ច៦៦២៩ -ភព២ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវបត់ឆ្វេង ស្របពេលនោះក៏មានរថយន្តស៊េរីទំនើបម៉ាកព្រូសស៊េរីឆ្នាំ ២០២១ ពណ៌សគ្មានផ្លាកលេខ បើកបរពីទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តកូរ៉េ ចំពីក្រោយផ្នែកខាងឆ្វេង បណ្ដាលឱ្យរថយន្ដស៊េរីទំនើបខាងលើ រងការខូចខាតទាំងស្រុងតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានចុះមកវាស់វែងនៅកន្លែងកើតហេតុ និងស្ទូចយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បី ដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម







