ភ្នំពេញ ៖ ” ក្រោយពីគាត់មានស្រីក្រៅមក គាត់មិនបានផ្តល់លុយកាក់មួយរៀលណាសម្រាប់ចិញ្ចឹមកូនឡើយ ដោយឱ្យខ្ញុំរស់ជាមួយកូន២នាក់នៅយ៉ាងលំបាកវេទនា ដោយគាត់យកលុយទៅទំនុកបម្រុងស្រីរបស់គាត់ “។

នេះជាសម្តីពិតមួយ ផុសចេញពីមាត់របស់អ្នកស្រី គន្ធា បន្លឺមកកាន់ភ្នាក់ងារព័ត៌មាន CEN ទាំងទឹកភ្នែករលីងរលោង ក្នុងពេលរំលឹកទៅដល់គ្រួសាររបស់អ្នកស្រីដែលជួបរឿងអាប់អួស្ទើរស្មានមិនដល់ បន្ទាប់ពីស្វាមីធ្លាប់កម្សត់ កត់ត្រាស្នេហ៍ស្មោះ បែរជារង្គោះរង្គើអស់ បោះបង់នាងចោល បោលតាមស្រីថ្មី មិនខ្ចីមើលកូនតូចៗ២នាក់ ឱ្យគ្នារងាប្រៀបដូចកំព្រាឪពុក សូម្បីតែការហូបចុក ក៏ស្ទើរតែមិនគ្រប់ ដោយសារតែការចាកចេញទៅរបស់លោកទេរូបនោះប្រមូលប្រាក់កាសទៅអស់ មិនទុក សូម្បីមួយសេន។
ជាអ្នករស់នៅក្នុងទឹកដីខេត្តកំពត ហើយមានស្វាមីរស់នៅរាជធានីភ្នំពេញ ជីវិតគ្រួសាររបស់អ្នកស្រី គន្ធា ហាក់មិនខុសគ្នាជាមួយនឹងគ្រួសារមួយចំនួនផ្សេងទៀតឡើយ ដែលជួបរឿងប្តីមានស្រី ថ្មី វាយធ្វើបាបរាងកាយ និងបំផ្លាញទ្រព្យ រួចចុះចោលផ្ទះដោយមិនបានផ្តល់លុយកាក់បន្តិចណាសម្រាប់ការចិញ្ចឹមកូនពីរក្នុងបន្ទុកនោះឡើយ។

ក្នុងវ័យ៤០ឆ្នាំស្តើង អ្នកស្រី គន្ធា បានរៀបរាប់ថា អ្នកស្រីបានចាប់ដៃគ្នាកសាងគ្រួសារជាមួយស្វាមី ឈ្មោះ វ៉ិត ធារី តាំងពីឆ្នាំ២០១២ ដែលរហូតមកទល់ពេលនេះ អ្នកស្រីបានទទួលចំណងដៃកូនប្រុស-ស្រី២នាក់ នៅតូចៗនៅឡើយ។
អ្នកស្រីបញ្ជាក់ថា ក្នុងការចាប់ដៃគ្នាជាគូវាសនា ចារតម្រូវប្រពន្ធ-ប្ដី នេះមក អ្នកស្រី និងស្វាមី វ៉ិត ធារី មានការតស៊ូក្នុងជីវិតយ៉ាងខ្លាំង ក្នុងពេលអ្នកស្រី មានការងារត្រឹមជាអ្នកកាត់ដេរមួយរូប ខណ:ស្វាមីនៅមិនទាន់មានការងារធ្វើធំដុំនោះ គឺអ្នកស្រីខ្នះខ្នែងរ៉ាប់រងគ្រួសារច្រើនគួរសម។
ទឹកមុខស្ម័គ្រស្មើស្ងួត ហាក់គ្មានអំនួតក្នុងក្ដីសង្ឃឹមជាថ្មី អ្នកស្រីគន្ធា និយាយទាំងអួលដើម.ក ថា កន្លងមកគ្រួសារខ្ញុំមិនដែលមានបញ្ហាអ្វីឡើយ ហើយប្តីខ្ញុំក៏មិនដែលធ្វើអាក្រក់ដាក់ខ្ញុំដែរ។ ខ្ញុំទាំងពីរមានការតស៊ូជាមួយគ្នាខ្លាំងណាស់ ដោយខ្ញុំប្រឹងតស៊ូដេរខោអាវ យកលុយមកចិញ្ចឹមគ្រួសារ ដោយសារប្តីខ្ញុំមិនទាន់មានការងារធ្វើ ព្រោះគាត់មករស់នៅជាមួយខ្ញុំមានតែខ្លួនប៉ុណ្ណោះ។
អ្នកស្រីបញ្ជាក់ថា លុះក្រោយមក ស្វាមីអ្នកស្រីក៏មានកាងារល្អគ្រាន់បើ គឺធ្វើការនៅក្រុមហ៊ុនលក់ដីឡូតិ៍មួយកន្លែង , យូរៗទៅ ជីវភាពផ្ទាល់ខ្លួនរបស់ លោក វ៉ិត ធារី កាន់តែហ៊ឺហា ពោលគឺ មមាញឹកនៅខាងក្រៅផ្ទះ ដែលពេលនោះហើយ ស្វាមីអ្នកស្រី ចាប់ផ្តើមមានអត្តចរិតប្លែកខណ:ចាប់ផ្ដើមមានទឹកលុយ ។

អ្នកស្រីថា ចាប់តាំងពីអ្នកស្រីបានដឹងស្វាមីលួចមានស្រីខាងក្រៅនោះ ស្វាមីអ្នកស្រីតែងតែចូលផ្ទះយប់ជ្រៅ ហើយមួម៉ៅរករឿងនេះ រករឿងនោះគ្មានឈប់, និងចោទវាយធ្វើបាបអ្នកស្រី និងកូនជាបន្តបន្ទាប់។
ក្រសែភ្នែករលីងរលោង ដិតដាមដោយទុក្ខព្រួយ អ្នកស្រីគន្ធា បន្តសន្ទនា ទាំងខ្លួនហាក់ខ្លាចអំណាចប្ដី ស្រដីថា គ្រាកូវីដ-១៩ ផ្ទុះឆ្លងខ្លាំង ខ្ញុំជាប់នៅតំបន់ក្រហម លោក វ៉ិត ធារី ចោទខ្ញុំថា មានសហាយ រត់តាមប្រុសបាត់, ហើយមិនដែលមកអើតមើលខ្ញុំ និងកូនទេ សម្បីតែនាងខ្ញុំខលទៅ ក៏គាត់មិនលើកទូរស័ព្ទនាងខ្ញុំដែរ។ កូនឈឺ ក៏គាត់មិនឱ្យលុយមើលកូន ខ្ញុំគ្មានលុយមួយរៀល , ពេលខ្លះសម្លមានមួយចានតូច ញាំ ៣នាក់ម៉ែកូន ឯប្ដីស្ងួន ពួនសប្បាយចាយវាយនៅខាងក្រៅ, ទោះជាយ៉ាងនេះក្ដី ខ្ញុំនៅតែគិតប្ដី គឺដួសស្រង់យកតែទឹកសម្លហូបបាយ ចំណែកសាច់ទុកអោយប្តី។
បើតាមអ្នកស្រី គន្ធា វេទនាដោយសារស្នេហ៍ប្រេះឆា វាចាទាំងសោះកក្រោះថា
គ្រួសារអ្នកស្រីចាប់ផ្តើមមានបញ្ហានៅអំឡុងឆ្នាំ២០២០មក តែអ្នកស្រី មិនបានបញ្ចេញឱ្យអ្នកផ្សេងបានដឹងឡើយ ក្រៅអំពីសាច់ញាតិខាងប្តី ព្រោះនេះជារឿងក្នុងគ្រួសារឯង។
គ្រាដែលស្វាមីឡើងកូដខាងក្រៅ ស្ទើរតែភ្លេច ផ្ទះ ប្រពន្ធ កូន, អ្នកស្រីតែងតែអង្វរស្វាមី ឱ្យវិលបកក្រោយគិតគូរប្រពន្ធ-កូនវិញ តែគាត់មិនស្តាប់ ហើយថែមទាំងវាយធ្វើបាប និងហៅអ្នកស្រីថា សុទ្ធតែ ង៉ែងហង ថែមទៀត។
អ្នកស្រីបញ្ជាក់ថា មានវេលាមួយ ស្វាមីអ្នកស្រីធ្លាប់បានវិលត្រឡប់មកវិញដែរ តែពេលនោះ មានជំងឺ ឈឺធ្លាក់ខ្លួនស្គមស្គាំង ទៅណាមិនរួច ប្រកការងារអ្វីមិនកើត បានអ្នកស្រីតស៊ូគ្រប់បែបយ៉ាង ដើម្បីមើលថែ និងព្យាបាលជំងឺស្វាមីរហូតបានជាសះស្បើយ។

តែពេលនេះ បងមានកម្លាំង មានអំណាច មុខរបរឡើងកូដ គេភ្លេចខ្ញុំ និងកូន យូរៗទៅ ប្រែក្លាយជារកាំរកូសក្នុងគ្រួសារ រូបគេមានតែកំហឹង និងគំនុំចងពៀរ គិតតែរករឿងឈ្លោះប្រកែក វាយដំ, ប្ដឹងរូបនាងខ្ញុំដើម្បីលែងលះ បណ្ដេញនាងខ្ញុំចេញពីផ្ទះ, ផ្ទះដែលជាទ្រព្យសម្បត្តិរួម ក៏ទាមទារយកម្នាក់ឯង, ថែមទាំងដណ្ដើមយកកូនៗពីទ្រង់នាងខ្ញុំទៀត។
ទោះយ៉ាងណាក៏ដោយ ការរៀបរាប់ទុក្ខសោករបស់អ្នកស្រីគន្ធា យើងមិនដឹងថា ការពិត ឬយ៉ាងណានោះទេ ? ព្រោះមជ្ឈមណ្ឌលព័ត៌មាន CEN បានព្យាយាមទាក់ទងទៅកាន់ លោក វិត ធារី ដើម្បីសុំការបំភ្លឺ, មិនបានសម្រេចនោះទេ ព្រោះឆាតចូលក្នុងហ្វេសប៊ុករបស់លោក លោកក៏មិនបានឃើញ និងឆ្លើយបំភ្លឺ, ខុម្មិនក្នុងហ្វេសប៊ុករបស់លោកទៀត លោកក៏មិនបានឃើញ និងឆ្លើយបំភ្លឺ។
ប៉ុន្តែបន្ទាប់ពីបានឃើញការផ្សាយរបស់ CEN ស្រាប់តែ លោក វ៉ិត ធារី បានចំកោងខ្នង តម្កើងឫក និយាយជាមួយ CEN ថា សូមលុបព័ត៌មាននេះ ចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងប្ដឹងទៅក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា មជ្ឈមណ្ឌព័ត៌មាន CEN ធ្វើការផ្សព្វផ្សាយរបស់ខ្លួន គោរពទៅតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន, រឿងរ៉ាវណាមួយដែលបែកធ្លាយជាសាធារណៈ ឬក៏នៅជាសម្ងាត់សម្រាប់បុគ្គលរូបណាមួយក៏ដោយចុះ ប៉ុន្តែវាទាក់ទងទៅនឹងអំពើរងគ្រោះ សំណូមពរផ្សេងៗ ការស្វែងរកយុត្តិធម៌ និងកង្វល់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលព័ត៌មាន CEN នឹងត្រូវពិចារណាចុះផ្សាយ ដោយឈរលើក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











