ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯម្តាយនិងកូនស្រីអង្គុយពីក្រោយ បានរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកខ្សាច់បើកលឿនបត់ឆ្លងផ្លូវ ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចមុខវត្តព្រះច័ន្ទរង្សី ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមាន ឈ្មោះ ឈឿន ចិត្ត ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅ ភូមិអង្គតាជា ស្រុកមេសាង ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១១ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AV-7131 បានឌុបស្ត្រីនិងកូនតូចជិះពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ទល់មុខវត្តព្រះច័ន្ទរង្សី ស្រាប់តែមានរថយន្តបែនដឹកខ្សាច់មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខចង្កូតស្តាំTK-0614 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតមកលិចក្នុងល្បឿនលឿន បានបទឆ្វេងឆ្លងផ្លូវចូលតាមវត្តព្រះច័ន្ទរង្សីក៏ជ្រុលចង្កូតទៅបុកម៉ូតូ ចំពីមុខពេញទំហឹងបណ្តាលឲ្យដួលរួចកិនចំពីលើក្បាលជនរងគ្រោះ បណ្តាលឲ្យស្លា.ប់ភ្លាមៗ សំណាងល្អស្រ្តីនិងកូនតូចអង្គុយពីក្រោយ គ្រាន់តែរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខ តែត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏ទំនាក់ទំនងទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តព្រៃវែងតាមប្រពៃណី៕ រក្សាសិទ្ធិ ៖ សា មេត