ភ្នំពេញ ÷ ជនបរទេសម្នាក់បានដកកាំភ្លើងខ្លីបា.ញ់ឡើងលើ១គ្រាប់ រួចសៀតចូលក្នុងចង្កេះទុកវិញ មួយសន្ទុះក្រោយមក ខាងកម្លាំងកងរាជអាវុធហត្ថ ចុះមកឃាត់ក៏ជនរងគ្រោះលូកដៃ ចូលហោប៉ៅចំកៃកាំភ្លើងផ្ទុះ១គ្រាប់ទៀត ចំកំភួនជើងខ្លួនឯងខាងស្តាំ រងរបួសធ្ងន់។
ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលា ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១៥៤ ចំណុចទល់មុខផ្សារសូរិយ៉ាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ផែ រី (perry) ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ផ្នែកធនធានមនុស្ស បច្ចុប្បន្នស្នាក់នៅម្តុំផ្សារដើមគ។
យោងតាមសម្តីពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ បានឃើញបុរស រងគ្រោះខាងលើមានកាបូបស្ពាយ នៅខាងក្រោយខ្នងមួយនិងមានកាំភ្លើងខ្លីមួយដើម រួចបានដកបាញ់ឡើងលើ១គ្រាប់ ក៏សៀតកាំភ្លើងទុក ក្នុងចង្កេះវិញស្រាប់តែ មួយសន្ទុះក្រោយមកពលរដ្ឋ បានរាយការណ៍ទៅខាង កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះមកដល់ទីតាំងកើតហេតុខាងលើ រួចកម្លាំងអាវុធហត្ថបានចូលទៅឃាត់ ធ្វើឲ្យជនបរទេសរូបនោះ លូកដៃចូលក្នុងហោប៉ៅប៉ះចំកៃកាំភ្លើង បណ្តាលឲ្យរាលកៃផ្ទុះមួយគ្រាប់ទៀត ចំកំផួនជើងខ្លួនឯងខាងស្តាំរងរបួសធ្ងន់។ គួរបញ្ជាក់ទៀតថា ដោយពាក្យអះអាងពីជនបរទេស នៅក្នុងខ្លួនគាត់ បានបាត់ទូរស័ព្ទ២គ្រឿង កាបូបលុយ១ និងកាបូបស្ពាយ១ រួមទាំងលុយនៅក្នុងខ្លួនប្រមាណជា១៥០$ ត្រូវបានគេយកអស់។
ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេត រួចទាក់ទងទៅខាងរថយន្តសាម៉ុយ មកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដោយឡែកកាំភ្លើងខ្លីមួយដើម ត្រូវបានកម្លាំងអាវុធហត្ថ ដកហូតយកទៅរក្សាទុកដើម្បី ធ្វើការស្រាវជ្រាវបន្ត នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត