បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងថា ករណីអំពើឃា.ត.កម្មមួយនៅប្រទេសកូរ៉េ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ហើយឃា.ត.ករបានរត់គេចខ្លួនរយៈពេលជាង២០ឆ្នាំ ហើយត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា កិច្ចសម្ភាសន៍នេះ គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងភាគីនគរបាលកូរ៉េ និងនគរបាលកម្ពុជា ចុះស្រាវជ្រាវ និងឃាត់បុរសជនជាតិកូរ៉េឈ្មោះ KIM KISU ដែលបានរត់គេចខ្លួនមករស់នៅក្នុងប្រទេសកម្ពុជា និងបានបញ្ជូនបន្តទៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ថា ជនសង្ស័យជនជាតិកូរ៉េឈ្មោះ KIM KISU ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងក្រុងសិរិសោភ័ណ ខណៈជនសង្ស័យកំពុងជិះរថយន្តមកពីជាយដែនប៉ោយប៉ែត ទៅរាជធានីភ្នំពេញ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ