ខេត្តកែប ៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ វិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។

ដោយអនុវត្តតាមសេចក្តីណែនាំ លេខ០១៤ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកិច្ចប្រជុំគណៈស្នងការ ដើម្បីផ្សព្វផ្សាយផែនការ វិធានការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
នាឱកាសនោះលោកឧត្តមសេនីយ៍ ស្នងការ បាន មានប្រសាសន៍ណែនាំ ដោយដាក់ចេញទិសដៅសំខាន់ៗដើម្បីឱ្យអស់លោក លោកស្រីយកទៅផ្សព្វផ្សាយ ដឹកនាំអនុវត្តការងារបន្តដល់មន្ត្រីកងកម្លាំងក្រោមឱវាទរបស់ខ្លួន ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយជំនឿ ជឿទុកចិត្តមកលើកងកម្លាំងមានសមត្ថកិច្ចយើង។

បន្ថែមពីនេះត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧបាយកលសកម្មភាពប៉ុនប៉ងចលាចលសង្គមនិងសកម្មភាពល្មើសផ្សេងៗទៀត ដើម្បីចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
ត្រូវខិតខំរៀបចំពង្រឹង បែងចែកកម្លាំងប្រចាំការ ប្រចាំបញ្ជានៅនឹងកន្លែង ចុះការពារតាមទីវត្តអារាម បូជនីយដ្ឋាន រមនីយដ្ឋាន ធានារក្សានូវសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ នៅទូទាំងខេត្ត និងការពារគោលដៅពិធីប្រារព្ធបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើម្បីធានាទ្រសភាពការណ៍ ឱ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

ដោយឡែកលោកស្នងការ ក៏បានរៀបចំកម្លាំងនគរបាលខេត្តបន្ថែមទៅតាមបណ្តារមណីយដ្ឋានជាពិសេសរមណីយដ្ឋានឆ្នេរកែប ដើម្បីសហការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់បទល្មើសផ្សេងៗ និងការធ្វើដំណើរតាមដងផ្លូវដើម្បីបញ្ចៀសការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ក្នុងតំបន់រមណីយដ្ឋានទាំង៥គោលដៅក្នុងក្រុង ស្រុកទាំងពីរនៃខេត្តកែប។
ទន្ទឹមនោះលោកស្នងការ ក៏បានណែនាំឱ្យមន្ត្រីកងកម្លាំងយើង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានមុឺងម៉ាត់នូវវិធានការរបស់សុខាភិបាល និងផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះឲ្យបានខ្ជាប់ខ្ជួនផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


