បន្ទាយមានជ័យ ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន ទីប្រឹក្សា គ.ជ.គ.ម. ឯកឧត្តមអភិបាលខេត្ត ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ រួមទាំងមេបញ្ជាការកងកម្លាំងចម្រុះ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ស្ថានភាពទឹកនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ ក្នុងស្រុក/ក្រុងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យប៉ះពាល់ ដល់ជីវភាពររស់នៅប្រចាំថ្ងៃ ផ្ទះសម្បែង និងផលដំណាំមួយចំនួនផងដែរ។ ក្នុងនោះដែរនៅថ្ងៃនេះ កម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏បានចេញទៅកាន់តំបន់មួយចំនួន បំពេញប្រតិបត្តិការ ជួយជញ្ជូនសម្ភារ មនុស្សចាស់ និងកុមារមួយចំនួន មកកាន់ទីទួលសុវត្ថិភាពផងដែរ ដោយមានការជួយរៀបចំជម្រកស្នាក់នៅបណ្តោះអាសន្ន ស្បៀងសង្រ្គោះបន្ទាន់ ពីសំណាក់គណៈកម្មការគ្រោះមហន្តរាយខេត្ត និងថ្នាក់ជាតិ។
សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ក៏កំពុងត្រៀមអន្តរាមន៍រួចជាស្រេច២៤ម៉ោងលើ២៤ម៉ោង ត្រៀមជួយសង្រ្គោះក្នុងពេលចាំបាច់ តាមបទបញ្ជា និងសំណូមពរ របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ