ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ បានបើកសវនាការ ប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទជប៉ុនម្នាក់ ដែលត្រូវបានតុលាការការជាន់ទាប ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួនជិត០២គីឡូក្រាម ពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រព្រឹត្តកាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២០។

តុលាការឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេច តម្កល់សាលក្រមរបស់តុលាការជាន់ទាប រក្សាទុកជាបានការដដែល តែបើកផ្លូវឱ្យ ជនជាប់ចោទ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។
លោកចៅក្រម ពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ Nonaka Shunichi ភេទ ប្រុស អាយុ ៧៣ ឆ្នាំ ជាអ្នកទេសចរ ជនជាតិជប៉ុន។
លោកចៅក្រមភូស៊ុន បានបន្តថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ ពីបទ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
តែគាត់បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការខាងលើ មកកាន់សាលាឧទ្ធរណ៍ ដើម្បីសុំបន្ធូរបន្ថយទោស។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅចំណុច ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានថ្នាំញៀន ចំនួន ០៧ កញ្ចប់ធំ ដែលលាក់ទុកក្នុងវ៉ាលីស របស់គាត់ មានទម្ងន់សរុប ១៧០៥, ៨៥ (ជិត០២គីឡូក្រាម)។
នាពេលសវនាកា កាលពីថ្ងៃទី ១៥ ខែ កញ្ញា , ជនជាប់ចោទ Nonaka Shunichi បានឆ្លើយសារភាព និង ទទួលស្គាល់កំហុស តែគាត់បានអះអាងថា ថ្នាំញៀនដែលដកហូតពីក្នុងវ៉ាលីសរបស់គាត់នោះ គឺមិនមែនជារបស់គាត់នោះទេ។
គាត់និយាយថា ថ្នាំញៀននោះ ជារបស់បុរសស្បែកខ្មៅ ជនជាតិនេហ្សេរីយ៉ា ម្នាក់ដែលគេចខ្លួន។ គាត់ស៊ីឈ្នួលបុរសស្បែកខ្មៅនោះ ក្នុងការដឹកជញ្ជូនពីភ្នំពេញ ទៅកាន់ប្រទេសជប៉ុន ជាថ្នូរនឹងការសន្យាផ្តល់ប្រាក់មួយចំនួន។
គាត់បានសំណូមពរដល់តុលាការឧទ្ធរណ៍ មេត្តាជួយបន្ធូរបន្ថយទោស ដល់គាត់ ដើម្បីបានឆាប់វិលត្រឡប់ទៅជួបជុំគ្រួសាររបស់គាត់វិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា