ភ្នំពេញ ៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៨ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងជប៉ុន និងការចុះហត្ថលេខាការលើជំនួយ ៩.៧១៦លានយ៉េនដល់កម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកម្ពុជា លោក តារ៉ូ កូណូ នឹងអញ្ជើញចូលជួបសម្ដែងការគួរសម ជាមួយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន សម្រាប់អនុវត្តន៍គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។
២៖ ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន សម្រាប់អនុវត្តន៍គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។
គួរឲ្យកត់សម្គាល់ថា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន៕ ដោយ ៖ បញ្ញាស័ក្តិ