ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ កម្មការនី ជាប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក ជំនួយការសរុបប្រមាណ ៤.៦១៧នាក់ មកពីរោងចក្រចំនួន៤៩ ក្នុងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពី សុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការិនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង។
នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចុះជួបជាមួយកូនក្មួយកម្មករ កម្មការិនី ជាប្រធានរដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក និងជំនួយការ នាពេលព្រឹកនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីជួបសំណេះសំណាជាមួយបងប្អូនកម្មកររួមក សម្តេចតេជោ នឹងទទួលជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រាំរៃជាច្រើនដែល បានធ្វើឲ្យប្រទេសត្រូវទទួលរងនូវភាពខ្ទេចខ្ទីស្ទើរគ្រប់វិស័យ រួមទាំងអាយុជីវិតមនុស្សផងដែរ។ ប៉ុន្តែដោយសារថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចបានធ្វើឲ្យប្រទេសកម្ពុជារួចផុតពីសង្គ្រាម និងធ្វើការអភិវឌ្ឍប្រទេសមានការីកចម្រើនដូចសព្វថ្ងៃ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាអ្នកដឹកនាំប្រទេស សម្តេចតែងតែ ផ្សារភ្ជាប់ជាមួយសុខទុក្ខប្រជាពលរដ្ឋ ក្នុងការស្វែងយល់អំពីតម្រូវការ នៃការរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រមកជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតទាប និងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយ ក៏មានមហិច្ឆតាកា្លយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននិងកំពុងជំរុញវិស័យឧស្សាហកម្ម ដែលជាវិស័យមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យរីកលូតលាស់។ ដើម្បីជំរុញវិស័យឧស្សាហកម្ម នេះឲ្យមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជាត្រូវដាក់ចេញនូវផែនការ សកម្មភាព អភិវឌ្ឍន៍ លើកផ្នែកមួយចំនួនដូចជា វិស័យ ហេដ្ឋារចនាសម្ព័ន្ធ មាន ផ្លូវធ្វើដំណើរ ទាំងផ្លូវ គោក ផ្លូវទឹក និងផ្លូវអាកាស រួមទាំងការអភិវឌ្ឍធនធានមនុស្សជាដើម។ ក្មួយៗ កម្មករកម្មការនីទាំងអស់ត្រូវរក្សាការងារដែលមានស្រាប់ កុំឲ្យគេដករោងចក្រទៅប្រទេសគេវិញ និងត្រូវខិតខំពង្រីកការងារ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីបរទេស។ រហូតមកដល់ ពេលនេះមានស្ត្រីកម្មការនីសម្រាលកូនមានប្រមាណជា ១៤.០០៩នាក់ ដែលក្នុងនោះសម្រាល បានកូនចំនួន ១៤.៣០៦នាក់ដោយមានទាំងកូនភ្លោះផងដែរ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏បាន ចំណាយថវិការប្រមាណជិត ១,៥ លានដុល្លារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យ ប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងការអភវិឌ្ឍ ដើម្បីចូលរួមក្នុងការជំរុញវិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ បញ្ជាក់សាជាថ្មីថា សម្តេចនឹងបន្តដឹកនាំប្រទេសមិនតិចជាង ១០ឆ្នាំ ដើម្បីបន្តដំណើរអភវិវឌ្ឍប្រទេស និងមើលថែរកូន ក្មួយកម្មករកម្មការនីបន្តទៀត។
សម្តេចតេជោ បានបញ្ជាក់ថា “សូមកុំឲ្យមាន បងធំ បងតូច និងក្រុមគ្រឿងញៀន កើតមាននៅក្នុងរោងចក្រឲ្យសោះ ព្រោះពួកគេអាចនឹងបំផ្លាញ សុវត្ថិភាពការងារ របស់បងប្អូន កូនក្មួយកម្មករកម្មការិនី។ អរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានផ្តល់ការងារធ្វើសមរម្យនិង ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនថែមទៀតដល់បងប្អូនកូនក្មួយកម្មករកម្មការិនី”។
សម្តេចតេជោ បានថ្លែងថា ថ្ងៃនេះ យើងក៏មានដំណឹងល្អសម្រាប់កម្ពុជាដែរ គឺនៅម៉ោងប្រហែល១១ព្រឹកថ្ងៃនេះ ខ្ញុំនឹង ជួបពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono នៅវិមានសន្តិភាព។ នៅក្នុងជំនួបបន្តិចទៀតនេះ កម្ពុជានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ៗ ចំនួន២ ជាមួយមិត្តជប៉ុន: ១)កិច្ចព្រមព្រៀង ផ្តល់ជំនួយឥតសំណងជាង ៥០ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ ២)កិច្ចព្រមព្រៀង ផ្តល់ឥណទានសម្បទាន ប្រមាណជិត ១០០លានដុល្លារ ដើម្បីរៀបចំខ្សែបណ្តាញ ចែកចាយអគ្គីសនី នៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងប្រទេសជប៉ុន ជាមិត្តកំពុងមកផ្តល់ជំនួយ ដល់កម្ពុជា ក្រុមជនខិល ខូចមួយចំនួន អាចបំពុលព័ត៌មាន ទៅជារឿងមិនល្អ ដូចដែលពួកគេធ្លាប់ធ្វើ។ បងប្អូនជនរួមជាតិ បានដឹងហើយថា ប្រទេសជប៉ុន មិនធ្វើអ្វីប៉ះពាល់ដល់សន្តិភាព និងការរីកចម្រើន របស់កម្ពុជាឡើយ។ អរគុណមិត្តជប៉ុន ដែលតែងតែចូលរួម ជួយកសាងនិងអភិវឌ្ឍន៍កម្ពុជា ឲ្យរីកចម្រើនទៅមុខ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរកូនក្មួយកម្មករ កម្មការិនី និងនិយោជកទាំងអស់ ដែលបានចូលរួមសំណេះសំណាល ក្នុងថ្ងៃនេះ។ សម្តេចតេជោ ក៏បានឧបត្ថម្ភ ថវិកាលើកទឹកចិត្តមួយចំនួន ដល់កូនក្មួយកម្មករ និងកម្មការិនី មានផ្ទៃពោះចំនួន ១៦៥នាក់ ក្នុងបរិយាកាសស្និទ្ធស្នាលរីករាយ និងកក់ក្តៅក្រៃលែង។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានជូនពរជនរួមជាតិ ទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖បញ្ញាស័ក្តិ