នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក ប៊ូរីស ចនស៊ុន ធ្លាប់បានបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមិនចូលរួមកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុដោយផ្ទាល់នោះទេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ដឺថែមស៍។
ចក្រភពអង់គ្លេសនឹងរៀបចំកិច្ចប្រជុំកំពូលនៃអង្គការសហប្រជាជាតិស្តីអំពីការប្រែប្រួលអាកាសលើកទី២៦ ឬហៅថា COP26 ក្នុងទីក្រុងក្លាសហ្គូវចាប់ពីថ្ងៃទី ៣១ខែតុលា រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា។ ការរៀបចំកិច្ចប្រជុំកំពូលនេះ ធ្វើឡើងដើម្បីស្វែងរកការគាំទ្រជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
បើតាម ការដកស្រង់សម្តីចេញពីប្រភពមួយរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា៖ «នេះបង្ហាញកាន់តែច្បាស់ហើយថា លោក ស៊ី ជីនពីង នឹងមិនចូលរួមនោះទេ ហើយយើងមិនដឹងទេថា តើប្រទេសចិនមានជំហរបែបណាដើម្បីដោះស្រាយលើបញ្ហាទាំងអស់នេះ»។
សារព័ត៌មានដឺថែមស៍បន្តថា អ្នករៀបចំកិច្ចប្រជុំរបស់ចក្រភពអង់គ្លេសបានបង្ហាញការព្រួយបារម្ភនៅពេលដែល លោក ស៊ី ជីនពីងសម្រេចចិត្តដកខ្លួនចេញហើយពួកគេកត់សម្គាល់ឃើញថា នេះក៏អាចបង្ហាញថា ប្រទេសចិនកំពុងបដិសេដអំពីការកំណត់គោលដៅដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុពីការប្រើប្រាស់ធ្យូងថ្ម ចំពេលមានបញ្ហាថាមពល។
ប្រទេសចិន គឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេនៅលើពិភពលោក ហើយអវត្តមានរបស់លោក ស៊ី ជីនពីងពីកិច្ចប្រជុំកំពូលស្តីអំពីការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចប្រជុំដោយផ្ទាល់ និងតាមអនឡាញ វាអាចនឹង បង្ហាញអំពីការបរាជ័យសម្រាប់ក្តីសង្ឃឹមរបស់លោក ចនសុន ក្នុងការទទួលបានមេដឹកនាំពិភពលោកយល់ព្រមលើកិច្ចព្រមព្រៀងអាកាសធាតុដ៏សំខាន់មួយ។
លោក ស៊ី ជីនពីង ដែលមានអាយុ៦៨ទៅហើយនោះ លោកបានធ្លាប់បម្រើការជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនចាប់តាំងពីឆ្នាំ ២០១២ ហើយក៏ធ្លាប់បានចូលរួមសន្និសីទអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ផងដែរ។ ចំណែក ម្ចាស់ក្សត្រីចក្រភពអង់គ្លេស អេលីហ្សាប៊ែត ក៏ធ្លាប់បានអះអាងដែរថា លោកស្រីមានការខកចិត្តចំពោះមេដឹកនាំពិភពលោកដែលនិយាយអំពីការប្រែប្រួលអាកាសធាតុប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំពិភពលោកទាំងអស់នោះបង្ហាញសកម្មភាពចេញមកបានតែតិចតួចប៉ុណ្ណោះ រឺពេលខ្លះគ្មានសកម្មភាពតែម្តង ក្នុងការដោះស្រាយបញ្ហានេះ៕
ប្រភព៖ Metor US. News