Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន បាន​សន្យា​ផ្តល់​ហិប​ឆ្នោត មធ្យោបាយ​ដឹកជញ្ជូន និង​ថវិកា​សម្រាប់​ផ្ទេរ​ប្រព័ន្ធ Server ពី​ទីតាំង គ​.​ជ​.​ប បច្ចុប្បន្ន ទៅ​អគារ គ​.​ជ​.​ប ថ្មី​

​​ភ្នំពេញ​ ៖ ជំនួប​ពិភាក្សា​ការងារ​រវាង​ដឹកនាំ​ដោយ​លោក​ប្រធាន ស៊ិក ប៊ុន​ហុក ជាមួយនិង លោក យូគី​អូ សៃ​តា (Yukio Saita) អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូង នៃ​ក្រសួង​ការបរទេស​ជប៉ុន នា​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣:៣០​នាទី​រសៀល នៅ​ទីស្តីការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​លើកឡើង​ថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ ជប៉ុន​បាន​សន្យា​ផ្តល់​ហិប​ឆ្នោត មធ្យោបាយ​ដឹកជញ្ជូន និង​ថវិកា​សម្រាប់​ផ្ទេរ​ប្រព័ន្ធ Server ពី​ទីតាំង គ​.​ជ​.​ប បច្ចុប្បន្ន ស្ថិត​នៅក្នុង​ក្រសួង​មហាផ្ទៃ ទៅ​អគារ គ​.​ជ​.​ប ថ្មី ក្បែរ​រង្វង់​មូល​សម្តេច​សង្ឃ ជួន ណាត​។​

​លោក ស៊ិក ប៊ុន​ហុក បាន​ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ ឆ្នាំ​២០១៨​នេះ ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ហិប​ឆ្នោត មធ្យោបាយ​ដឹកជញ្ជូន និង​ថវិកា​សម្រាប់​ផ្ទេរ​ប្រព័ន្ធ Server ពី​ទីតាំង គ​.​ជ​.​ប បច្ចុប្បន្ន ទៅ​អគារ គ​.​ជ​.​ប ថ្មី​។ អ្នក​ជំនាញ​ការ​ជប៉ុន ចៃ​កា កំពុង​សហការ​យ៉ាង​សកម្ម​ជាមួយ គ​.​ជ​.​ប បន្ទាប់​ពី​ការបោះឆ្នោត​កន្លងមក ជាពិសេស​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៧ ប្រកបដោយ​ជោគជ័យ​។​

​លោក យូគី​អូ សៃ​តា បញ្ជាក់​ឱ្យដឹងថា លោក​បាន​យល់​យ៉ាងច្បាស់ អំពី​ដំណើរការ នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ របស់​គ​.​ជ​.​ប​។ ប្រទេស​ជប៉ុន បាន​ជួយ​កម្ពុជា​នៅ​លើ​វិស័យ​ជាច្រើន ជា​ពិសេស​ជួយ​ក្នុង​ការបោះឆ្នោត​ជា​រឿង​សំខាន់​ខ្លាំងណាស់​។ ប្រទេស​ជប៉ុន បាន​បញ្ជូន​អ្នកជំនាញការ ដែល​ធ្វើការ​ផ្ទាល់​ជាមួយ គ​.​ជ​.​ប គឺ​មាន​តម្លៃ​ដ៏​ប្រសើរ ដែល​លោក​សង្ឃឹមថា ជា​បទពិសោធន៍​ដ៏​ល្អ​សម្រាប់ គ​.​ជ​.​ប ហើយ​សង្ឃឹមថា​កិច្ចសហការ​យ៉ាង​ល្អ​នេះ​នឹង​បន្តទៀត​។​

​ចំពោះ​ចុងក្រោយ​នេះ លោក ស៊ិក ប៊ុន​ហុក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ​.​ជ​.​ប តែងតែ​មាន​ការសហកា​រ​យ៉ាង​ល្អ យ៉ាង​ស្មោះត្រង់ និង​ស្វាគមន៍​អនុសាសន៍​របស់​អ្នក​ជំនាញការ​ជប៉ុន និង​អ្នកជំនាញការ​នានា ដើម្បី​រៀបចំ​ការបោះឆ្នោត​ឱ្យ​កាន់តែ​ប្រសើរ​ស្របតាម​ច្បាប់​អនុញ្ញាត ព្រមទាំង​ដកស្រង់​បទពិសោធន៍ ពី​ប្រទេស​ជឿនលឿន​នានា ដើម្បី​ជា​ត្រីវិស័យ​ការងារ​របស់ គ​.​ជ​.​ប​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×