ភ្នំពេញ៖លោក ង្វៀន ថាញ់ងី បានថ្លែងថា៖ខេត្តគៀនយ៉ាង តែងបានធ្វើទំនាក់ទំនងល្អជាមួយកងកំលាំងប្រដាប់អាវុធ និងបង្ក លក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តោយព្រំដែនកម្ពុជា.វៀតណាមនិងបានធ្វើឱ្យព្រំដែននៃប្រទេសទាំង២ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។
កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០១៨នេះនៅរដ្ឋបាលរាជធានីភ្នំពេញលោកគណៈប្រតិភូគណៈកម្មាធិការបក្សខេត្តគៀនយ៉ាងដឹកនាំដោយលោក ង្វៀន ថាញ់ងី សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមជាលេខាបក្សខេត្ត និងជាប្រធានក្រុមសមាជិករដ្ឋសភាអង្គភាពខេត្តគៀនយ៉ាង បានចូលជួបសំណេះសំណាលនិងជូនពរលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលអនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះលោក ង្វៀន ថាញ់ងី និងគណៈប្រតិភូក្នុងនាមជាខេត្តសម្ពន្ធ័មេត្រីភាពជាមួយរាជធានីភ្នំពេញ បានជូនពរលោក ម៉ប់ សារិន និងអាជ្ញាធររាជធានីភ្នំពេញក៏ដូចប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូលសុំជួបប្រទះតែសេចក្តីសុខចំរុងចំរើននិងសុំឲ្យទេវតាឆ្នាំថ្មីនាំមកនូវភារកិច្ចថ្មីជោគជ័យថ្មីបន្ថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៏រីកចំរើនរបស់រាជធានីភ្នំពេញ។
ជាការឆ្លើយតបលោក ម៉ប់ សារិន បានឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងខេត្តគៀងយ៉ាង ។ពេលនេះអាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំតែងលម្អរក៏ដូចពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខនេះ៕ ដោយ៖បញ្ញាស័ក្តិ