Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​អាមេរិក​ប្រាប់​ឲ្យមាន​ការប្រុងប្រយ័ត្ន​ថា​នឹង​មាន​ឧបករណ៍​ផ្ទុះ​ដែល​អាច​មាន​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​

​ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មេសា​ឆ្នាំ ២០១៨ បានចេញ​សេចក្តីថ្លែងការណ៍​ថា​នឹង​មាន​ឧបករណ៍​ផ្ទុះ​ដែល​អាច​មាន​ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨ នៅក្នុង​តំបន់​ទីតាំង វត្តភ្នំ និង​តំបន់​ផ្សេងៗ​ទៀត នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​។​

​បើ​តាម​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា ព្រឹត្តិការណ៍ មាន​ការរាយការណ៍ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ក្រុម​សកម្មជន​មួយរូប អាច​ព្យាយាម​ដាក់​ឧបករណ៍​ផ្ទុះ នៅ​ក្បែរ​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ឬ​ទីតាំង​ស្រដៀង​គ្នា​ផ្សេងទៀត នៅក្នុង​ទីក្រុង​ភ្នំពេញ ឬ​សៀមរាប ក្នុង អំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃ​ទី ១២ ខែ​មេសា ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ​២០១៨ ។ បុគ្គលិក​រដ្ឋាភិបាល​អាមេរិក ត្រូវបាន​គេ​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន ជុំវិញ​វត្ត​ភ្នំ ហើយ​ជាទូទៅ​ត្រូវ​ដឹង​ពី​បរិយាកាស​ជុំវិញ​របស់​ពួកគេ​។ ស្ថានទូត​អាមេរិក នឹង​ត្រូវ​បិទ​ឈប់សម្រាក​សម្រាប់​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​ទី​១៣ ខែ​មេសា និង​ថ្ងៃ​ចន្ទ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨ ។​

​សកម្មភាព​ដើម្បី​អនុវត្តន៍ អនុវត្ត​ប្រុងប្រយ័ត្ន​ក្នុង​តំបន់​ដែល​មាន​ហ្វូងមនុស្ស​ច្រើន​។ ប្រសិនបើ​អ្នក​ឃើញ​វត្ថុ ដែល​មិន​ចាំបាច់ ទុក​ឱ្យ​តំបន់​នោះ​ភ្លាម​។ ថតចម្លង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងស្រុក ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​។ ត្រូវ​ដឹង​អំពី​ទី​កន្លែង​របស់​អ្នក​។​

នេះ​បើ​តាម​ការ​បង្ហោះ​សារ​ដោយ Facebook Page ផ្លូវការ​របស់​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨​។​

​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ថា “​សកម្មភាព​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​មាន​ភាព​ប្រុងប្រយ័ត្ន នៅតាម​តំបន់​ដែល​មាន​មនុស្ស​កកកុញ​ច្រើន ប្រសិនបើ​ប្រទះឃើញ​វត្ថុ​គេ​ទុកចោល​គួរឲ្យ​សង្ស័យ ចាកចេញ​ពី​ទីនោះ​ជាបន្ទាន់ តាមដាន​ការវិវត្តន៍​ស្ថានការណ៍​ថ្មីៗ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ត្រូវមាន​ការប្រុងប្រយ័ត្ន ជាប់​ជានិច្ច​ចំពោះ​ស្ថានភាព​នៅ​ជុំវិញខ្លួន​”​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ ជាតិ​គ្រប់គ្រង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨ បាន​ថ្លែងថា ក្រុម​ជន​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ សម សេរី ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​នោះ បានរៀបចំ​ផែនការ​បំផ្លាញ​ការសប្បាយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។ សម្តេច​តេជោ បាន​បន្តថា បញ្ហា​យើង​បានដឹង​រួចរាល់​ហើយ ព្រមទាំង​បាន​រៀបចំ​វិធានការ​រក្សា សន្តិសុខ​តឹងរ៉ឺង​បំផុត មិន​ឲ្យ​បំណង​ទុច្ចរិត​របស់​ក្រុម​ជន​ក្បត់ជាតិ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រុម សម សេរី មាន​ផែនការ​រៀបចំ​ការ​បំផ្ទុះ​នៅ​វត្តភ្នំ និង​នៅ​សៀមរាប ដើម្បី​រំខាន​ការលេង​សប្បាយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ ខ្ញុំ​សូម​ប្រកាសថា ផែនការ​លោក​ឯង​ពាក់ព័ន្ធ​ថ្ងៃទី​១២ នៅ​វត្ត​ភ្នំ អ្នកឯង​ត្រូវ​ប្រយ័ត្ន ខ្ញុំ​គ្រប់គ្រង​សភាពការណ៍​បាន​រួច​មុន​ហើយ​។ អាហ្នឹង​មេ​ក្បត់ជាតិ​មួយ សម សេរី កំពុង​បញ្ជា​មក​ឲ្យ​បង្កស្ថាន​ភាព​ផ្ទុះ ខ្ញុំ​បាន​បញ្ជូន​ទៅ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ហើយ​។ វា​ចង់​បង្ក​ឲ្យមាន​សំឡេង​ផ្ទុះ ប៉ុន្តែ​ផែនការ​របស់​អ្នកឯង ខ្ញុំ​បាន​ចាប់​យក​រួច​មុន​ទៅហើយ​។ អ្នកឯង​ប្រុង​ធ្វើ​នៅ​ភ្នំពេញ ហើយ​និង​នៅ​សៀមរាប​។​

​ជាមួយគ្នា​នោះ​ដែរ លោកនាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា កម្លាំងចម្រុះ​នឹង​ត្រូវបាន​ដាក់ពង្រាយ​ឈរជើង​ប្រចាំការ ២៤​ម៉ោង នៅតាម​តំបន់​គោលដៅ​សំខាន់ៗ ដើម្បី​បែងចែក​គ្នា ប្រចាំ ការ​ក្នុង​ការដោះស្រាយ រាល់​បញ្ហា​ដែល​កើត មាន​នៅក្នុង​ពិធីបុណ្យ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខ ពិសេស​នៅ​ទី​វត្ត​អារាមរមណីយដ្ឋាន សួន​កម្សាន្ត ជាដើម​។ ការដាក់​កម្លាំង​ចម្រុះ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៨​ខែ​មេសា​។ លោក ជួន សុវណ្ណ បានបញ្ជាក់​ថា កម្លាំង​ទាំងអស់​នេះ នឹង​យកចិត្តទុកដាក់ ដោយ​បែងចែក​កម្លាំង​ទៅលើ​គ្រប់​គោលដៅ​ទាំងអស់ សំខាន់ៗ ដើម្បី ការពារ​សន្តិសុខ សុវត្ថិភាព បង្ក​សប្បាយរីករាយ ជូន​ដល់​បងប្អូន ដែល​បាន​ទៅ​ទីកន្លែង​កំ​ម្សា​ន្ត និង​រមណីយដ្ឋាន​ផ្សេងៗ​នៅ​ខាងក្រៅ ក៏ដូចជា​ជួប​នឹង​បញ្ហា​សន្តិសុខ​ដោយសារ​ជន​ខិលខូច​ឆ្លៀតឱកាស ។ លោក ស្នងការ​រាជធានី ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×