ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់អំពីការចាប់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ពាក់ព័ន្ធករណី ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១។ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែង សមត្ថកិច្ចបានសុំគោលការណ៍ ឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា ដើម្បីចុះប្រតិបត្តិការ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្នងការដ្ឋាននគរបាលខេត្តកំពតបានបន្តថា លុះថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៤:៥០ នាទី កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពត បានឃាត់ខ្លួនមនុស្សចំនួន ០២នាក់ (អ្នកសារព័ត៌មាន LSN TV) គឺទី១-ឈ្មោះ អ៊ុង ធឿន ភេទប្រុស អាយុ ២៧ ឆ្នាំ, និងទី ២-ឈ្មោះ សាយ សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ។ ទាំង ០២ នាក់ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានមកផ្សាយផ្ទាល់នៅចំណុចមុខរដ្ឋបាលខេត្តកំពត ស្ថិតក្នុងភូមិ១ឧសភា សង្កាត់ កំពង់កណ្តាល ក្រុងកំពត វាយប្រហាលើចំណាត់ការកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទំនាក់ទំនងជាមួយសមត្ថកិច្ច ដើម្បីសួរនាំឲ្យបានច្បាស់លាស់ជុំវិញករណីឃាត់ខ្លួនជន សង្ស័យចំនួន ០៤ នាក់ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការ ភាន់ច្រឡំនឹងអរិយភាពលើកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ម៉្យាងទៀតគឺបានជំរុញឲ្យបង្កើន សកម្មភាពទន្ទ្រានកាន់កាប់ដីខុសច្បាប់លើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ ។
សរុបមកទង្វើទាំងនេះ មានចេតនាញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្តឹងបរិហាកេរ្តិ៍ ដែលមានចែងក្នុងមាត្រា ៤៩៥ និង បរិហារបង្កាច់កេរ្តិ៍ ដែលមានចែងក្នុងមាត្រា ៣១១ នៃក្រមព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ចចាំបាច់ត្រូវចាត់ការ តាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





