Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន ជាកត្តារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិ.ង្សាក្នុងគ្រួសារ ហិ.ង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋ.កម្មផ្សេងៗទៀត

កោះកុង ៖ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការ បានថ្លែងថា ស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន, គ្រឿងញៀន ជាកត្តារួមចំណែកក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិ.ង្សាក្នុងគ្រួសារ ហិ.ង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋ.កម្មផ្សេងៗទៀត នេះបើផ្អែកតាមការចុះប្រមូលទិន្នន័យ តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយស្រ្តីក្រុមគោលដៅនៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧។

លោកជំទាវ បានបន្ថែមថា ការបង្កើតក្រុមការងារទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងជម្រុញការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្ម និងទទួលបាននូវប្រសិទ្ធភាពខ្ពស់។

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ក្រោមអធិបតីលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ទូ សាវុធ អភិបាលរង តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកិច្ចការនារីរាជធានី ខេត្តចំនួន០៨ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កែប កំពត តាកែវ កំពង់ស្ពឺ កណ្តាល សៀមរាប និងស្ថាប័ន អង្គភាពពាក់ព័ន្ធសរុប៤២នាក់។

លោកជំទាវ ឡុង សុផល្លី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ចំណេះដឹង ដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះ យកទៅប្រើប្រាស់ជាមូលដ្ឋាន ក្នុងការកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុំស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី រួមគ្នាទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ ឱ្យអស់ពីសហគមន៍យើង។

ឯកឧត្តម ទូ សាវុធ អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា គ្រឿងញៀន ជាមូលហេតុមួយ ដែលជំរុញនិងបង្កឱ្យមានបទល្មើសផ្សេងៗ គំ.រាមកំ.ហែងដល់សន្តិសុខសណ្តាប់ធ្នាប់ សហគមន៍ ដែលពាក់ព័ន្ធបញ្ហានេះ ខេត្តបានបន្តរួមចំណែក ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ជាបណ្តើរៗ នូវការប្រើប្រាស់និងចែកចាយគ្រឿងញៀន អនុវត្តឱ្យខ្ជាប់ខ្ជួននូវទិសស្លោក ប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិក របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ហើយការចូលរួមសកម្មភាពនាពេលនេះ មានសារសំខាន់ណាស់ ស្របពេលដែលស្ថានភាពគ្រឿងញៀន នៅកម្ពុជា បានរីករាលដាល ដល់ទីជនបទ មានផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ទូទៅក្នុងនោះមានយុវនារី ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាដោះស្រាយ។

ក្នុងឱកាសនោះ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រសាសន៍ថា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានចុះពិនិត្យស្ថានភាពស្រ្តី កំពុងជាប់ឃុំក្នុងពន្ធនាគារ ចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត ដោយបានពិនិត្យរកឃើញថា ស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀន ប៉ះពាល់ដល់ក្រុមគ្រួសារ របស់គេ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកជំទាវ ឡុង សុផល្លីអនុរដ្ឋលេខាធិការ បានថ្លែងបន្ថែមថា គ្រឿងញៀនក៏ជាកត្តារួមចំណែក ក្នុងការជំរុញឱ្យអ្នកប្រើប្រាស់ ប្រព្រឹត្តអំពើហិ.ង្សាក្នុងគ្រួសារ ហិ.ង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋ.កម្មផ្សេងៗទៀតផងដែរ នេះបើផ្អែកតាមការចុះប្រមូលទិន្នន័យ តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយស្រ្តីក្រុមគោលដៅ នៅថ្នាក់ក្រោមជាតិក្នុងខេត្តចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ក្នុងគោលបំណងរៀបចំផែនការសកម្មភាពជាតិ ទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣ និងបានដាក់បញ្ចូលផែនការ យុទ្ធសាស្រ្តនារីរតនៈទី៤ ២០១៤-២០១៨ ហើយនឹងបន្តផ្តល់អាទិភាពការងារនេះ នៅក្នុងផែនការនារីរតនៈទី៥ ២០១៩-២០២៣ ដោយបានបង្កើតក្រុមការងារទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងជម្រុញការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្ម និងទទួលបាននូវប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ CEN

×