ភ្នំពេញ ៖ រថយន្តកូរេដឹកសម្ភារៈគ្រឿងសំណង់មួយគ្រឿង បានរអិលធ្លាក់ចូលត្រាំទឹកស្រះ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ សង្ស័យថាអ្នកបើកបរងោកមួយភាំង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅផ្លូវបេតុង ភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកកូរ៉េពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F-2319 ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ មិនដឹងថាយ៉ាងម៉េច ក៏បានរេចង្កូតមកខាងស្ដាំ និងរអិលធ្លាក់ចូលត្រាំទឹកស្រះតែម្ដង ភ្លាមនោះអ្នកបើកបររថយន្ត ត្រូវបានបើកទ្វារហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅក្នុងទឹកស្រះ រួមនិងសម្ភារៈគ្រឿងសំណង់ធ្លាក់ចូលស្រះទឹក ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានពិនិត្យទៅលើរថយន្តបង្ក ដោយឃើញថារថយន្តកបង្កគ្រោះថ្នាក់ដោយខ្លួនឯង មិនបណ្ដាលឲ្យមានអ្នករបួសស្នាម ដល់អ្នកដទៃនិងខូចខាតដល់សម្បត្តិរដ្ឋ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យខាងតំណាងរថយន្ត ហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលើ យកទៅជួសជុលឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ សួង សាម





