ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការអនុម័តដាក់ឱ្យប្រើនូវ ច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ពិតជាមានសារៈសំខាន់ និងចំពេល ខណៈដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះនឹងចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយក ផលប្រយោជន៍បានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំ សិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មីជូនថ្នាក់ ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជាចំនួនប្រមាណ ៤០០នាក់ ក្រោមអធិបតីភាព ឯកឧត្តមសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
មានមតិក្នុងសុន្ទរកថាស្វាគមន៍ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែង អំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្ដល់ឱកាសដល់សភាពាណិជ្ជកម្មកម្ពុជាចូលរួមក្នុង កិច្ចពិគ្រោះយោបល់ក្នុងដំណើរការនៃការតាក់តែង និងបានទទួលយកសំណូមពររបស់ផ្នែកឯកជនដាក់ បញ្ចូលក្នុងច្បាប់ស្តីពីវិនិយោគថ្មីនេះ។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្ថែមថាការអនុម័តដាក់ឱ្យប្រើ នូវច្បាប់វិនិយោគនេះពិតជាមានសារៈសំខាន់ និងចំពេល ខណះដែលកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយច្បាប់នេះនឹងចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយក ផលប្រយោជន៍បានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលរាជរដ្ឋាភិបាលបានខិតខំ សម្រេចបាននាពេលថ្មីៗនេះ។ ក្នុងន័យនេះ ផ្នែកឯកជនបានសាទរដល់ការដាក់ដំណើរការនៃច្បាប់នេះ និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃច្បាប់នេះ នឹងពិតជាបង្កើត បាននូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកប ដោយភាពអំណោយផលដល់ការវិនិយោគ។ អ្នកឧកញ៉ាក៍បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុង ការផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងពី ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមកកាន់វិស័យ ឯកជន។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់ការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំនិង សមាជិកសភាពាណិជ្ជកម្មកម្ពុជា រួមទាំងសមាជិកដែលនៅតាមបណ្តាខេត្តនានា ដែលបានបង្ហាញពីការ ផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់របស់ផ្នែកឯកជនដល់ច្បាប់នេះ ថ្វីត្បិតការជួបជុំនាពេលនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ឯកឧត្តម បានជម្រាបជូនអង្គសិក្ខាសាលាអំពីសាវតារនៃការ តាក់តែងច្បាប់វិនិយោគ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៥ ស្របតាមការចង្អុលបង្ហាញរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សា ស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើន រួមទាំងកិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជនផងដែរ។
ក្នុងន័យនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ដែលចូលរួមផ្តល់ធាតុចូលល្អៗ ក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់នេះ ក៏ដូចជាក្នុងបេសកកម្មជំរុញនិងទាក់ទាញវិនិយោគនាពេល កន្លងមក។ ឯកឧត្តមបានលើកឡើងថា ច្បាប់វិនិយោគថ្មីនេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹង ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ដែលបង្កឡើងដោយភាពតានតឹងពាណិជ្ជកម្មរវាងមហា អំណាចសេដ្ឋកិច្ច, បដិវត្តឧស្សាហកម្មទី៤ បរិវត្តឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវី-១៩ ច្បាប់វិនិយោគថ្មីនេះក៍បានផ្ដល់ការគិតគូរដល់ការ លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហត្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាព និងការជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ។

ឯកឧត្តមក៏បានលើកឡើងថា ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជន គឺជាកត្តាដ៏ចាំបាច់ មិនអាចខ្វះបាន ដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការជួយឱ្យសេដ្ឋកិច្ចមានភាពលូតលាស់ ហើយមិនមែនតែការវិនិយោគផ្ទាល់មកពីបរទេសទេដែលមានសារៈសំខាន់ ប៉ុន្តែការវិនិយោគដោយ វិនិយោគិនក្នុងស្រុកក៍បានចូលរួម និងនឹងចូលរួមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងន័យនេះ ឯកឧត្តមមានជំនឿជឿជាក់ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ ថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្ម កម្ពុជាបានយល់កាន់តែច្បាស់និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹងបង្កើនការបណ្តាក់ទុនវិនិយោគរបស់ ខ្លួនបន្ថែមមួយកម្រិតទៀត ក៏ដូចជាជួយផ្សព្វផ្សាយដល់វិនិយោគិននៅក្នុងនិងក្រៅប្រទេសផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប





