ភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ត្រូវបានឆ.ក់ធ្លាក់ពីលើដែកអន្ទា ខណៈពេលកំពុងឡើងផ្សារផ្លាកយីហោ នៅមុខផ្ទះល្វែងមួយកន្លែង ក្បែរនិងអគារហុកអាន ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើងឡើងកាលពីវេលាម៉ោង ៤និង៥០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សឡា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ជាង វិត អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជាងដែកមួយក្រុម បានបើកម៉ូតូសណ្តោងរ៉ីម៉ក ដឹកដែកមួយគ្រឿង ដឹកគ្នាមកផ្សារដែកនៅផ្ទះល្វែងខាងលើ ជាប់ខ្លោងទ្វារអគារហុកអាន ដោយជនរងគ្រោះបានឡើងលើអន្ទាដែក នៅខាងលើ ខណៈដែលកំពុងទាញដែក ដើម្បីយកមកផ្សារស្រាប់តែប៉ះជាមួយខ្សែកាបស្រាត ដែលនៅខាងលើផ្ទុះឆ.ក់ធ្លាក់មកខាងក្រោម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវក្រុមជាងដែលធ្វើការជាមួយគ្នា ដឹកតាមម៉ូតូកង់បី ទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ ដល់អាយុជីវិតរបស់គាត់។
ក្រោយពេលកើតហេតុ លោកអនុសេនីយ៍ឯក ភុំ ផាន នាយរងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានចុះមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុរាយការណ៍បន្ត ទៅកាន់ផ្នែកជំនាញសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត៕រក្សាសិទ្ធិដោយ ៖ សួង សាម










