ភ្នំពេញ ៖ ស្ត្រីលក់ផលិតតាមអនឡាញម្នាក់ ស្រី សុនិតា មិនបានចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះ របស់តំណាងអយ្យការ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះទេ។ ហើយតំណាងអយ្យការ នឹងបន្តនីតិវិធីរបស់ខ្លួនតាមច្បាប់។

លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចេញដីកាកោះអញ្ជើញឈ្មោះ ស្រី សុនិតា ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ជាជនសង្ស័យ។ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ WA101 ផ្លូវបេតុងទី៣ ក្រុមទី១០ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹក ដើម្បីចូលមកសាកសួរបំភ្លឺពីដំណើររឿង៖ បរិហាកេរ្តិ៍ជាសាធារណៈ និងបទជេរប្រមាថ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
បើតាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះ ស្រី សុនិតា ជនសង្ស័យ គឺមិនបានចូលបំភ្លឺតាមការកោះនោះទេ។

ចំណែកលោកប្លង់ សុផល អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា “ជនដែលជាកម្មវត្ថុនៃដីកាកោះ របស់តំណាងអយ្យការ មិនបានចូលខ្លួនដើម្បីឲ្យតំណាងអយ្យការបានស្តាប់ចម្លើយទេ ហេតុដូច្នេះ តំណាងអយ្យការនឹងបន្តនីតិវិធីរបស់ខ្លួនតាមច្បាប់”។
សូមជម្រាបថា តុលាការបានចេញដីកាហៅស្ត្រីលក់ផលិតតាមអនឡាញម្នាក់ ស្រី សុនិតា ឲ្យចូលបំភ្លឺនៅដថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែមិនបានចូលបំភ្លឺនោះទេ និងបានចេញដីកាកោះហៅឈ្មោះ រ៉ុន រ៉ូប៊ីនណា ម្ចាស់ហាងលក់ផ្កា Embassy ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីសាកសួរអំពីដំណើររឿងបរិហាកេរ្តិ៍ជាសាធារណៈ និងសមគំនិតបរិហាបង្កាច់កេរ្តិ៍ និងពីបទជេរផ្សេងៗ។
ជនរងគ្រោះបានដាក់ពាក្យប្តឹងឈ្មោះ ស្រី សុនីតា ពីបទបរិហារបង្កាច់កេរ្តិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ និងប្តឹងឈ្មោះ រ៉ុន រ៉ូប៊ីនណា ពីបទផ្សំគំនិតបរិហាបង្កាច់កេរ្តិ៍៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





