ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលបានរៀបចំឡើងដោយក្រុមការងារអន្តរក្រសួង ដឹកនាំសម្របសម្រួលដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ។

គួររំលឹកផងដែរថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១- ២០៣៥ ត្រូវបានដាក់ឲ្យអនុវត្តនៅខែ ឧសភា ឆ្នាំ ២០២១ ។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ជាក្របខណ្ឌរួមនៃការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) នៅកម្ពុជាទៅលើគ្រប់តួអង្គពាក់ព័ន្ធ។
ក្របខណ្ឌនេះក៏ចង្អុលឲ្យមានការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលជាឃ្នាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលផងដែរ។ តាមរយៈគោលនយោបាយទាំងពីរនេះ, កម្ពុជានឹងចូលរួមជាមួយប្រទេសក្នុងតំបន់ និងសកល ក្នុងការជំរុញ និងទាញយកប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមានពីបច្ចេកវិទ្យានេះផងដែរ។

ក្នងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម បានលើកឡើងថា សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបានគ្រប់ដណ្តប់លើចំណុចសំខាន់ៗ ដែលមាននៅក្នុងឯកសារក្របខ័ណ្ឌផែនការ ផែនទីចង្អុលផ្លូវ និងកិច្ចព្រមព្រៀងរបស់អាស៊ានទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល នៅក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោករួចហើយ។ ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ដែលបានប្រារព្វធ្វើកាលពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់អាស៊ានក៏បានផ្តល់គោលការណ៍ ឱ្យរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌរបស់អាស៊ាន ស្តីពីសេដ្ឋកិច្ចឌីជីថលសម្រាប់ឆ្នាំ២០២៥ និងបានជំរុញឱ្យរដ្ឋសមាជិកទាំងអស់ខិតខំរៀបចំ និងអនុវត្តកិច្ចព្រមព្រៀង និងផែនទីចង្អុលផ្លូវនានារបស់អាស៊ាន ជាពិសេស គឺផែនការមេឌីជីថលរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ និងផែនទីចង្អុលផ្លូវក្រុងបែនដាស៊េរីបេហ្គាវាន់ ស្តីពីរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថល សម្រាប់បង្កើនល្បឿនការស្តារសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន។ ការច្របាច់បញ្ជូលគ្នានូវឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ របស់កម្ពុជា ជាមួយនឹងឯកសាររបស់អាស៊ាន គឺជាដំណើរស្របគ្នាដ៏ល្អមួយ, ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ដើម្បីចូលរួមអភិវឌ្ឍគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រសួងពាណិជ្ជកម្មបានចូលរួមផ្តល់ធាតុចូល ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយនេះ និងចាត់តាំងឱ្យមានជនបង្គោលលើវិស័យជំរុញបច្ចេកវិទ្យា ព្រមទាំងកំពុងរៀបចំមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី និងធ្វើកំណែទម្រង់នាយកដ្ឋានទទួលបន្ទុក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃការផ្លាស់ប្តូរឌីជីថលទាក់ទងនឹងពាណិជ្ជកម្ម។
លើសពីនេះក្រសួងទើបទទួលបានការអនុម័តដាក់ឱ្យអនុវត្តនូវច្បាប់សំខាន់ៗមួយចំនួនទៀត បន្ថែមលើច្បាប់ស្តីពីសិទ្ធិថតចម្លង ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ។ល។ ដែលច្បាប់ថ្មីៗទាំងនោះ រួមមាន៖ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលច្បាប់ និងយុទ្ធសាស្រ្តទាំងនេះ បានបង្កើតប្រព័ន្ធអេកូឡូហ្ស៊ីគាំទ្រដល់ធុរកិច្ចឌីជីថល ធានាដល់ការប្រកួតប្រជែងដោយស្មើភាព និងជួយការពារដល់អ្នកប្រើប្រាស់នានាតាមប្រព័ន្ធអេឡិចត្រូនិក លើវិស័យដូចជា៖ (១) លើកកម្ពស់បរិយាកាសធុរកិច្ច ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការសម្របសម្រួលរវាងស្ថាប័ន, (២) បង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងបង្កើនការសម្របសម្រួលនៅក្នុងខ្សែច្រវាក់តម្លៃ, (៣) កសាងសមត្ថភាពមន្ត្រី សហគ្រាស និងអ្នកប្រប្រាស់ប្រព័ន្ធអេឡិចត្រូនិក, (៤) លើកកម្ពស់ការបញ្ជូនទំនិញ ការរៀបចំឡូជីស្ទិកក្នុងស្រុក និងឆ្លងកាត់ព្រំដែន, (៥) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ការទទួលបានហិរញ្ញប្បទាន ដោយបរិយាប័ន្ន និងអក្ខរកម្មឌីជីថល, និង(៦) អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ជំនាញដែលមានភាពឆ្លើយតប សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ដែលកត្តាទាំងនេះ នឹងជួយបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ ឯកសារជាប្រភេទអេឡិចត្រូនិក ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការការពារទិន្នន័យនៅក្នុងប្រព័ន្ធឌីជីថលផងដែរ។

ទាក់ទងនឹងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើការកសាងច្បាប់ជាអាទិភាពក្នុងក្របខណ្ឌគតិយុត្ត រួមមាន៖ ច្បាប់ស្តីពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា, ច្បាប់ស្តីពីសន្តិសុខ និងឧ.ក្រឹដ្ឋកម្មព័ត៌មាន, ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធកំព្យូទ័រ និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ។ ដែលច្បាប់ទាំងអស់នេះ កំពុងតែត្រូវការជាចាំចាច់សម្រាប់ប្រតិបត្តិការក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថលផង និងសម្រាប់ជាមូលដ្ឋានក្នុងការចចារការពារផលប្រយោជន៍ របស់កម្ពុជាក្នុងកម្រិតតំបន់ និងពិភពលោកផង។
ជាកិច្ចបញ្ចប់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំបានធ្វើការបូកសរុប និងផ្ដល់អនុសាសន៍ណែនាំ ដោយស្នើឲ្យក្រុមការងារកែសម្រួលសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ នេះ ទៅតាមលទ្ធផលនៃការពិភាក្សា៕រក្សាសិទ្ធិដោយ ៖ កូលាប





