Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖ ទោះបីយើងកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ តែបញ្ហាគ្រឿងញៀន មិនមានសញ្ញាថយចុះ ឧ.ក្រិដ្ឋជនបានចាត់ចែងបទល្មើស ក្រោមរូបភាពកាន់តែស្មុគស្មាញ និងពិបាកត្រួតពិនិត្យ

ភ្នំពេញ៖ ជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា ទោះបីយើងកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ តែបញ្ហាគ្រឿងញៀននៅតែជាកង្វល់និងសម្គាល់ឃើញថា មិនមានសញ្ញាថយចុះ ដោយឧ.ក្រិដ្ឋជនបានចាត់ចែងបទល្មើស ក្រោមរូបភាពកាន់តែស្មុគស្មាញ និងពិបាកត្រួតពិនិត្យ នៅក្នុងតំបន់ដើម្បីផ្គត់ផ្គង់ទីផ្សារ គ្រឿងញៀន បើតាមរបាយការណ៍គ្រឿងញៀនពិភពលោក និងរបាយការណ៍គ្រឿងញៀនប្រចាំប្រទេសអាស៊ាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំកំពង់ផែអាស៊ាន លើកទី៦ តាមប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះ មានសមាសភាពចូលរួម មកពីបណ្ដាប្រទេសអាស៊ានទំាង១០ និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។

ឯកឧត្តម ប្រធានកិច្ចប្រជុំ បានគូសបញ្ជាក់ថា គ្រឿងញៀនសំយោគ និងសារធាតុគីមីផ្សំត្រូវបានចរាចរណ៍ នៅក្នុងតំបន់ដើម្បីផ្គត់ផ្គង់ទីផ្សារ គ្រឿងញៀន ក្រោមការចាត់ចែងដោយឧ.ក្រិដ្ឋជនអន្តរជាតិ ក្នុងរូបភាពជាបទល្មើសឆ្លងកាត់ព្រំដែន​ ដោយឧ.ក្រិដ្ឋជនបានចាត់ចែងបទល្មើស ក្រោមរូបភាពកាន់តែស្មុគស្មាញ និងពិបាកត្រួតពិនិត្យ។

ឯកឧត្តម ប្រធានកិច្ចប្រជុំ បានបន្តលើកឡើងថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថាកិច្ចប្រជុំយើងថ្ងៃនេះ នឹងបន្តរួមគ្នាបន្តគិតពិចារណា និងស្វែងរកការផ្ដួចផ្ដើមគំនិតថ្មីៗថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយន្តការទាំងអស់ត្រូវបានបន្តពង្រឹង និងពង្រីក​ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកអនុវត្តច្បាប់​ ស្របតាមស្ថានភាពវិវត្តន៍ប្រែប្រួលនៃបញ្ហាគ្រឿងញៀន ក្នុងបរិបទជំងឺកូវីដ១៩»។

គោលបំណងសំខាន់ នៃកិច្ចប្រជុំលើកនេះរួមមាន ៖ ១. ព័ត៌មានបច្ចុប្បន្នភាពនិងស្ថានភាពគ្រឿងញៀន ២. ធ្វើបច្ចប្បន្នភាព មន្ត្រីទំនាក់ទំនង របស់ក្រុមការងារត្រួតពិនិត្យគ្រឿងញៀនកំពង់ផែ ៣. កិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត​ ដើម្បីលើកម្ពស់និងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់
៤. បញ្ហាផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានធ្វើការអំពាវនាវ ដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវដោះស្រាយរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ កំពុងនៅតែជាកង្វល់ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកនោះ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×